ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិនិត្យសំណាកទឹកនៅខេត្តក្រចេះ ព្រៃវែង និងព្រំដែនកម្ពុជា-ឡាវ រកឃើញអាសេនិចក្រោមស្តង់ដា

18 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា លទ្ធផលវិភាគសំណាកទឹកនៅទីតាំងចំនួន៣ ក្នុងឆ្នាំ២០២៦ បង្ហាញថា កម្រិតសារធាតុអាសេនិចស្ថិតក្រោមស្តង់ដាកំណត់ ០,០១ មិល្លីក្រាមក្នុងមួយលីត្រ។ ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងវត្តមានសារធាតុអាសេនិចក្នុងប្រភពទឹក និងដី ដែលបង្កក្ដីបារម្ភដល់សាធារណជន។ ​

យោងតាមសេចក្តីជូនដំណឹង ការតាមដានគុណភាពទឹកក្នុងទន្លេមេគង្គ និងដៃទន្លេ ត្រូវបានអនុវត្តនៅទីតាំងសរុបចំនួន៤៨ ក្នុងប្រទេសសមាជិកចំនួន៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ ក្នុងនោះ កម្ពុជាមានទីតាំងតាមដានចំនួន១១ ខណៈការវិភាគកម្រិតសារធាតុអាសេនិចបានផ្តោតលើសំណាកទឹកនៅទីតាំងចំនួន២ តាមដងទន្លេមេគង្គ និង១ទីតាំងនៅតំបន់ព្រំដែនកម្ពុជា-ឡាវ។

លទ្ធផលវិភាគក្នុងឆ្នាំ២០២៦ បង្ហាញថា សំណាកទឹកនៅខេត្តក្រចេះមានកំហាប់អាសេនិចជាមធ្យម ០,០០១៩ មិល្លីក្រាមក្នុងមួយលីត្រ និងនៅខេត្តព្រៃវែងមាន ០,០០១២ មិល្លីក្រាមក្នុងមួយលីត្រ។ ដោយឡែក សំណាកទឹកនៅតំបន់ព្រំដែនកម្ពុជា-ឡាវ មានកម្រិត ០,០០៥ មិល្លីក្រាមក្នុងមួយលីត្រ។ តួលេខទាំងបីនេះសុទ្ធតែទាបជាងកម្រិតស្តង់ដាអតិបរមា ០,០១ មិល្លីក្រាមក្នុងមួយលីត្រ។

ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីតាមដាន និងពិនិត្យគុណភាពទឹកទន្លេមេគង្គជាប្រចាំ។ ការងារនេះមានគោលបំណងធានាការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព ការពារគុណភាពទឹក និងផ្តល់ព័ត៌មានត្រឹមត្រូវជូនសាធារណជន៕