រាជធានីភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្ពុជាតវ៉ាប្រឆាំងនឹងការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា ។
ប្រភពបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀត ប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍អាកាស ប្រាផាស សនៃចៃឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា ។
ការទស្សនកិច្ចចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនេះដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងមួយទៀត ដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុង ទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ ។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។
សកម្មភាពខាងលើក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០០០ និងចំណុច I (វិធានការបន្ធូរភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរភាពតានតឹងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមករក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជា ជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ ៕
ចែករំលែកព័តមាននេះ