ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍ហើយ! ក្រុមក្មេងទំនើ.ងស្ទាក់ប្ល.ន់យកស្លាកលេខម៉ូតូនៅស្រុកថ្មគោល ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ៥នាក់ ក្រោយកើតហេតុត្រឹម ៣ថ្ងៃ

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​អន្ធពាល​ចំនួន​០៥​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៩​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល បន្ទាប់​ពី​ក្រុម​ជនពាល​ទាំងនេះ ព្រួត​គ្នា​ស្ទាក់​កាប់​យុវជន​ម្នាក់ «​ប្លន់​»​យក​ស្លាក​លេខ​ម៉ូតូ ។

តាម​រយៈ​របាយ​ការ​ណ៌​អធិការ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ រួម​មាន ៖ ១.​ឈ្មោះ វួ​ន សុភ​ក្រ ហៅ​ស្វី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ។ ២.​ឈ្មោះ នឿ​ត រតនា ហៅ ប៉ាវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ៣.​ឈ្មោះ អាន ប៊ុ​ន​មេឃ ហៅ​កៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ៤.​ឈ្មោះ ប៉ិ​ប សំណាង ហៅ អួ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៥.​ឈ្មោះ ជើយ វិច្ឆិកា ហៅ​កុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ពួក​គេ​ទាំង​០៥​នាក់ រស់នៅ​ជុំ​គ្នា ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​ជា​ការ​ងាយស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អូស​.​កតាម​ផ្ទះ ។

ក្រុម​ស្ទាក់​កាប់​«​ប្លន់​»​យក​ស្លាក​លេខ​ម៉ូតូ​ទាំងនេះ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​ថ្មគោល​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ជ្រៃ ចុះ​ទៅ​ក្របួច​.​ក ចេញពី​តាម​ផ្ទះ ក្រោយ​កើតហេតុ​បាន​០៣​ថ្ងៃ និង​បន្ទាប់​ពី​ទ​ទុល​បណ្ដឹង​ជន​រង​គ្រោះ ឈ្មោះ វណ្ណៈ ប្រាក់​សំ​បាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។

យោង​របាយ​ការ​ណ៌​ដដែល​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៌​កាប់​«​ប្លន់​»​យក​ស្លាក​លេខ​ម៉ូតូ​ពី​សំណាក់​ក្រុម​ជន​អន្ធពាល​ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ វិច្ឆិកា ត្រង់​ចំណុច​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ។ ក្រុម​នេះ មាន​បក្ខពួក​ចំនួន​០៩​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​គា​ម​ស្តា​ក់កាប់​ជន​រង​គ្រោះ រហូត​ដួល និង​រត់​ចោល​ម៉ូតូ ក៏​ត្រូវ​ក្រុម​ជនពាល​កាប់​កម្ទេច​ចោល និង​កាប់​ផ្ដាច់​ស្លាក​លេខ​«​ប្លន់​»​យក​ទៅ​បាត់​ទាំង​យប់​សល់​តែ​ម៉ូតូ ។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​ថា ក្រោយ​ទទួល​បណ្ដឹង​ជន​រង​គ្រោះ លោកស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ចុះ​សហការ​ជាមួយ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​០៥​នាក់ ប៉ុន្តែ​នៅ​សល់​ចំនួន​០៤​នាក់​ទៀត កំពុង​រត់គេច​ខ្លួន តែ​យើង​កំណត់​អត្តសញ្ញាណ​ពួក​គេ​បាន​អស់ហើយ ។

លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​កាំបិត​០១​ដើម ដែល​ក្រុម​នេះ​ប្រើប្រាស​ជា​អាវុធ​កាប់​«​ប្លន់​»​យក​ស្លាក​លេខ​ម៉ូតូ​។ ដោយឡែក​ស្លាក​លេខ​ម៉ូតូ ដែល​ពួក​គេ​បាន​«​ប្លន់​»​យក​ទៅ យើង​រក​មិន​ទាន់​ឃើញ​ទេ ព្រោះ​នៅ​ក្នុង​ដៃ​ក្រុម​ប៉ុន្មាន​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ។

សូម​បញ្ជាក់​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អំពើ​«​ចោរកម្ម​.​ប្លន់​.​អំពើ​ហិង្សា​» ដែល​ភាគច្រើន​ផ្ដើម​ចេញពី​ក្រុម​ក្មេង​ទំនើង នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ ពួកក្មេង​ទំនើង​ដែល​ភាគច្រើន​មាន​វ័យ​ក្រោម​២០​ឆ្នាំ ចេញ​ប្រព្រឹត្ត​បទល្មើស​ជា​ក្រុម​ៗ ស្ទើរ​គ្រប់​រូបភាព​នៅ​ពេល​យប់ ។ ដំបូង​ពួក​គេ គ្រាន់តែ​បង្ក​ហិង្សា​ពី​ភាគី​ម្ខាង​ទៅ​លើ​ភាគី​ម្ខាង​ទៀត លុះ​យូរ​ៗ​ទៅ​ពួក​គេ​បំ​លែងខ្លួន​ពី​ក្រុម​ក្មេង​ទំនើង ទៅ​ជា​ក្រុម​ចោរ​«​លួច​.​ប្លន់​»​ឬ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​បង្ក​អសន្តិសុខ​យ៉ាង​ហ​ខ្លាំង​ដល់​សង្គម ។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច ក៏​បាន​តាម​ចាប់ខ្លួន​ពួក​គេ​បាន​ទាំង​ហ្វូង​ៗ​ផង​ដែរ តែ​ចាប់​មិន​ចេះ​ស្បើយ​សោះ​៕