ទីក្រុងកៀវ៖ អ៊ុយក្រែនបាញ់ពន្លិចកប៉ាល់របស់រុស្ស៊ីមួយគ្រឿងនៅកំពង់ផែប្រទេសលីប៊ីដោយប្រើប្រាស់ដ្រូន។ ការបាញ់ពន្លិចនេះកើតឡើងមួយថ្ងៃបន្ទាប់ពីដ្រូនមួយគ្រឿងវាយប្រហារកប៉ាល់ដឹកទំនិញដែលមានទំនាក់ទំនងនឹងយោធានៅឈូងសមុទ្រហ្វាំងឡង់។ ខាងលើនេះជាការអះអាងរបស់លោកហ្សេឡិនស្គី។ រដ្ឋាភិបាលលីប៊ីថ្លែងថាកប៉ាល់ឈ្មោះមើឃូរី (Merkury) ឈប់សំចតនៅមូលដ្ឋានទ័ពជើងទឹកបឹងហ្កាស៊ី (Benghazi)។

លោកហ្សេឡិនស្គីបានផ្សព្វផ្សាយវីឌីអូដែលទទួលបានពីភ្នាក់សន្តិសុខ SBU ដែលបង្ហាញអំពីការវាយប្រហារនោះ និងការវាយប្រហារដាច់ដោយឡែកមួយទៀតដោយដ្រូនទៅលើកប៉ាល់ដឹកទំនិញស្ងួតរបស់រុស្ស៊ីឈ្មោះ MV Angara។ លោកអះអាងថារុស្ស៊ីប្រើប្រាស់កប៉ាល់នេះដើម្បីដឹកជញ្ជូនអាវុធ។ តាមរយៈវីឌីអូនោះ គេឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងឃើញផ្សែងខ្មៅងងឹតហោះហើរចេញពីកប៉ាល់ដែលរងការបាញ់ប្រហារទាំងនោះ។ ភ្នាក់ងារ SBU ថ្លែងថាដ្រូនរបស់ខ្លួនបញ្ជាចេញពីកប៉ាល់មេនៅក្នុងតំបន់។ រុស្ស៊ី និងអ៊ុយក្រែនឧស្សាហ៍វាយប្រហារគ្នានៅសមុទ្រខ្មៅ។ ប៉ុន្តែការវាយប្រហារនៅទីកន្លែងផ្សេងក្រៅពីនេះជាករណីកម្រ។ SBU ប្រកាសថាកប៉ាល់របស់រុស្ស៊ី មិនអាចមានច្រកសុវត្ថិភាពជាដាច់ខាតទោះបីនៅឆ្ងាយពីសមុទ្រខ្មៅក៏ដោយ។

ការបង្ហោះសាររបស់ហ្សេឡិនស្គីនៅលើតេឡេក្រាមនោះជាការទទួលស្គាល់ជាផ្លូវការលើកដំបូងថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារកប៉ាល់រុស្ស៊ីនៅប្រទេសលីប៊ីពិតមែន។ លោកអះអាងទៀតថារុស្ស៊ីព្យាយាមទប់ទល់ណាស់ដែរ ប៉ុន្តែមិនអាចទៅរួច។ ឧទ្ធម្ភាគចក្រប្រយុទ្ធម៉ាក Ka-27 របស់រុស្ស៊ីមិនត្រូវបានបាញ់កម្ទេចទេ។ ក្រោយសង្គ្រាមស៊ីវិល ប្រទេសលីប៊ីភាគខាងកើតត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាមួយរូបគឺលោកខាលីហ្វា ហាហ្វតា (Khalifa Haftar)។ កងទ័ពជាតិលីប៊ីរបស់លោកមានទំនាក់ទំនងជាមួយរុស្ស៊ី។ ចំណែកប្រទេសលីប៊ីភាគខាងលិចគ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងមានទីស្នាក់ការនៅទីក្រុងទ្រីប៉ូលី។

វិទ្យាស្ថានសិក្សាអំពីសង្គ្រាមអះអាងថានាវាឈ្មោះមើឃូរីឈប់សំចតអស់ជាច្រើនថ្ងៃមកហើយដើម្បីចាក់ប្រេង និងផ្ទុកទំនិញ និងត្រៀមបើកអមដំណើរកប៉ាល់ដឹកទំនិញរបស់រុស្ស៊ីជាច្រើនគ្រឿងដែលផ្ទុកគ្រឿងបរិក្ខារយោធាតាមផ្លូវធ្វើដំណើរឆ្ពោះទៅប្រទេសរុស្ស៊ី។ នាយករដ្ឋមន្ត្រីលីប៊ីខាងកើត លោកអូសាម៉ា ហាម៉ាត (Osama Hamad) ថ្លែងថាលោកបានស្នើសុំឱ្យអង្គការសហប្រជាជាតិស៊ើបអង្កេតវត្តមានរបស់ក្រុមអ្នកជំនាញការយោធារបស់អ៊ុយក្រែននៅទីនោះ។ រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីប្រកាសថ្កោលទោសប្រតិបត្តិការនោះ និងបញ្ជាក់ថាលីប៊ីមិនគួរត្រូវគេអូសទាញឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនោះទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ