ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើមថ្ងៃស្អែកនេះហើយ ! កងទ័ពកម្ពុជា-ចិន ចល័តទ័ពទាំងលើគោក សមុទ្រ និងអាកាស ធ្វើសមយុទ្ធ «នាគមាស ២០២៦» លើកទី៨

3 ម៉ោង មុន
  • ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ កងទ័ព​កម្ពុជា និង​ចិន ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ទី​៨ ក្នុង​ទ្រង់ទ្រាយ​ធំ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៦ ។ សមយុទ្ធ «​នាគ​មាស​ឆ្នាំ​២០២៦» មាន​ទាំង​លើគោក សមុទ្រ និង​លើ​អាកាស

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ បាន​បញ្ជាក់​ថា អនុលោម​តាម​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ក្រសួងការពារជាតិ​កម្ពុជា និង​ក្រសួងការពារជាតិ​ចិន កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រៀបចំ​សមយុទ្ធ​រួម​គ្នា ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង​ចោរ​សមុទ្រ​រួម​គ្នា និង​ការងារ​មនុស្សធម៌​»​។

សមយុទ្ធ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដៃគូ​យុទ្ធ​សា​ស្ត គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ បង្កើន​សមត្ថភាព​កម្រិត​ជំនាញ និង​ការ​ពង្រឹង​ចំណង មិត្តភាព​ដែកថែប​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ សមយុទ្ធ​នេះ ក៏​ផ្ដោត​សំខាន់​លើ​ការ​ប្រឆាំង​ភេរវកម្ម ការងារ​មនុស្សធម៌ និង​ការងារ​សង្គ្រោះ​ដែរ​។

អគ្គបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀត​ថា ទីកន្លែង ដែល​នឹង​ត្រូវធ្វើ​សមយុទ្ធ​នេះ ទី​១ ៖ សមយុទ្ធ​លើគោក និង​អាកាស នៅ​វិទ្យាស្ថាន​នាយទាហាន​ចម្រុះ និង​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គិរី​, ទី​២ ៖ សមយុទ្ធ​លើ​សមុទ្រ និង​អាកាស នៅ​មូលដ្ឋាន​សមុទ្រ​រាម មូល​ដា្ឋ​ន​ទ័ពអាកាស​កងកេង និង​តំបន់​សមុទ្រ ខេត្ត​ព្រះ​សីហ​នុ​។ ក្នុងអំឡុងពេល​សមយុទ្ធ​នេះ នឹង​ប្រើប្រាស់​គ្រឿងយុទ្ធោបករណ៍​ធុន​ធ្ងន់ បច្ចេកវិទ្យា ដ្រូ​ន (Drone) និង​ការ​ចល័ត​កងទ័ព​ទាំង​លើ​ទឹក លើគោក និង​លើ​អាកាស​។ ជាមួយ​គ្នា​នេះ ក៏​មាន​សកម្មភាព​ការងារ​សង្គម និង​មនុស្សធម៌​នៅ​តាម​បណ្តា​មូលដ្ឋាន​ក្បែរ​តំបន់​សមយុទ្ធ​ជាដើម​។

ដើម្បី​ឱ្យ​កិច្ច​ដំណើរការ​សមយុទ្ធ​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​តំបន់​សមយុទ្ធ កុំ​មានការ​ភិតភ័យ​ចំពោះ​សកម្មភាព​ចល័ត​ទ័ព ឬ​ការ​ប្រើប្រាស់​គ្រាប់​ពិត ក្នុងអំឡុងពេល​ហ្វឹកហ្វឺន​នេះ ។


សូម​បញ្ជាក់​ថា សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា​-​ចិន​នេះ បាន​ចាប់ផ្ដើម​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ពោល គឺ​មាន​ចំនួន​៧​លើក​រួច​មក​ហើយ​។ នៅ​ឆ្នាំ​២០១៧ សមយុទ្ធ​នេះ ត្រូវ​បាន​ផ្អាក​ដោយ​ហេតុផល​ជាប់រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ។ ដោយឡែក​នៅ​ឆ្នាំ​២០២១ និង ឆ្នាំ​២០២២ សមយុទ្ធ​នាគ​មាស​ក៏​ត្រូវ​បាន​ផ្អាក​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​ប្រឈម​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

តាម​រយៈ​សមយុទ្ធ​ដែល​បាន​ធ្វើ​កន្លង​មកនេះ កងទ័ព​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាក់ស្តែង​លើ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ការងារ​សង្គ្រោះ​មនុស្សធម៌​ក្នុង​គ្រោះ​មហន្តរាយ ការ​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ យុទ្ធវិធី​ទប់ទល់​ដោយ​ដ្រូ​ន (Drone) ព្រមទាំង​ការ​ពង្រីក​សមត្ថភាព​ប្រតិបត្តិការ​រួម​គ្នា​យ៉ាង​ទូលំទូលាយ​ទាំង​លើគោក ដែនអាកាស និង​លើ​កងទ័ពជើងទឹក (​លម្ហ​សមុទ្រ​) ក្នុង​ការ​រំដោះ​ចំណាប់ខ្មាំង​ពី​ក្រុម​ភេរវ​ករ​។​សមយុទ្ធ​ក៏​បាន​លើកកម្ពស់​ចំណងមិត្តភាព បង្កើន​ទំនុកចិត្ត និង​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ជំរុញ​ការ​កសាង «​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី​»៕