ស្អាតប្លែកភ្នែកកណ្តាលផ្ទៃទឹក! អាជ្ញាធរជាតិអប្សរា បើកខ្សែទស្សនាថ្មីនៅ «ប្រាសាទមេបុណ្យខាងលិច» ព្រមទាំងបង្ហាញតម្លៃជិះទូក និងវិធានការសំខាន់ៗ ៣ ចំណុច
- សៀមរាប
រាជធានីភ្នំពេញ ៖ ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារទេសចរណ៍ និងខ្សែទស្សនាថ្មីប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា បន្ទាប់ពីប្រាសាទនេះ ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ និងបើកឱ្យសាធារណជនចូលទស្សនាជាផ្លូវការ ។

លោក ចាន់ សំណាង ប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ការរៀបចំខ្សែទស្សនានៅបរិវេណប្រាសាទមេបុណ្យខាងលិច និងខ្សែទស្សនាភ្ជាប់ជុំវិញលើខ្នងទំនប់បារាយណ៍ខាងលិចនេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ ដើម្បីស្វែងយល់នូវបទពិសោធន៍សម្រាប់ការទស្សនាដែលមានស្ថានភាពខុសប្លែកពីទីតាំងប្រាសាទនានា ជាពិសេសប្រវត្តិសាស្ត្រ និងតួនាទីរបស់បារាយណ៍ខាងលិចដែលកំពុងផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍រហូតមកដល់បច្ចុប្បន្ន ។ ទន្ទឹមនេះ ក៏ជាចំណែកមួយក្នុងការបន្ថែមពេលវេលាស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាបផងដែរ ។
ជាក់ស្តែង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងក្រោយបើកដំណើរការ មានភ្ញៀវជាតិជាង៥០០នាក់ និងអន្តរជាតិជិត១០០នាក់បានចូលមកទស្សនា ។ ដើម្បីផ្តល់ភាពងាយស្រួល និងចំណេះដឹងដល់អ្នកទស្សនា អាជ្ញាធរជាតិអប្សរា បានរៀបចំរោងតាំងពិព័រណ៍ ដំឡើងស្លាកសញ្ញាផ្ទាំងព័ត៌មាននានាលម្អិតទាក់ទងប្រវត្តិសាស្ត្រ ដំណើរការជួសជុលអភិរក្ស និងការគ្រប់គ្រងលំហូរទេសចរជាដើម ។
ពេលមកទស្សនាប្រាសាទមេបុណ្យខាងលិច ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ តាមរយៈការជិះទូក និងថតរូបជាមួយប្រាសាទដែលផុសចេញពីផ្ទៃទឹក ដោយចំណាយពេលជាមធ្យម១ម៉ោង៤៥នាទី (ជិះទូកទៅមក៣០នាទី និងទស្សនាលើកោះ១ម៉ោង១៥នាទី)។
លើសពីនេះ ភ្ញៀវក៏អាចគយគន់ទេសភាពប្រាសាទ ភ្នំបាខែងពីចម្ងាយ ។ ពាក់ព័ន្ធនឹងការធ្វើដំណើរតាមទូកឆ្ពោះទៅប្រាសាទមេបុណ្យខាងលិច ត្រូវបានកំណត់ដោយសហគមន៍ ដោយក្នុងទូកចំនួន១គ្រឿង គឺមានតម្លៃ ៨០,០០០រៀល ខណៈសេវាកម្មនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។

លោក ណឿយ លីន ប្រធានសហគមន៍កាណូតបារាយណ៍ទឹកថ្លាខាងលិច បានបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍មានទូកចំនួន១៨គ្រឿង ។ សម្រាប់ការធ្វើដំណើរទៅ-មក តាមទូក ទៅទស្សនាប្រាសាទមេបុណ្យខាងលិច សហគមន៍រៀបចំឱ្យមានពីរជម្រើស និងកំណត់តម្លៃដូចខាងក្រោម ៖
ទី១. ការចេញដំណើរតាមតម្រូវការរបស់ភ្ញៀវ មានចាប់ពីម៉ោង៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច ដោយគិតតម្លៃជួលទូកចំនួនមួយគ្រឿង ៨០,០០០រៀល អាចផ្ទុកភ្ញៀវទេសចរបានចំនួន១០នាក់។
ទី២. ការចេញដំណើរតាមម៉ោងកំណត់ ដែលមាន២ជើងក្នុង ១ថ្ងៃ គឺនៅម៉ោង១០ព្រឹក និងម៉ោង១រសៀល ក្នុងតម្លៃ ៨,០០០រៀលក្នុងម្នាក់ សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀល ($3) សម្រាប់ភ្ញៀវបរទេស ។

ដោយឡែក ភ្ញៀវដែលមកជាក្រុមតូចៗ (២ ឬ ៣នាក់) សហគមន៍ក៏អាចជួយសម្របសម្រួលបញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ ។ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរនេះដែរ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការសំខាន់ៗចំនួន ៣ ៖ ទី១. សុវត្ថិភាព៖ ពាក់អាវពោងជាប់ជានិច្ចពេលជិះទូក និងគោរពតាមការកំណត់ចំនួនអ្នកជិះរបស់អ្នកបើកបរ ។ ទី២. បរិស្ថាន៖ ចៀសវាងយកចំណី អាហារទៅលើបរិវេណប្រាសាទ ព្រោះគ្មានទីតាំងស្តុកសំរាម ឬត្រូវវេចខ្ចប់សំរាមផ្ទាល់ខ្លួនត្រឡប់មកគោកវិញ ។ ហាមយកសត្វចិញ្ចឹម និងឧបករណ៍បំពងសំឡេងចូលប្រាសាទជាដាច់ខាត។
ទី៣. ការអភិរក្ស និងសណ្តាប់ធ្នាប់ ៖ ហាមប៉ះពាល់ ឬជាន់លើក្បាច់ចម្លាក់ប្រាសាទ និងហាមចុះលេងទឹកក្នុងបរិវេណប្រាសាទ ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានណែនាំដល់អាជីវករនៅមាត់ទឹកខ្នងទំនប់បារាយណ៍ឱ្យរក្សាអនាម័យបរិស្ថានស្អាត សេវាកម្មល្អ និងមិនដំឡើងតម្លៃម្ហូបអាហារ ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព និងភាពកក់ក្តៅជូនភ្ញៀវទេសចរ សំដៅជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ប្រកប ដោយចីរភាព ព្រមទាំងថែរក្សាមរតកវប្បធម៌ដូនតាឱ្យកាន់តែមានភាពទាក់ទាញ និងគង់វង្សយូរអង្វែង៕


ចែករំលែកព័តមាននេះ