ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីតហេកសិត មិនទាន់អនុម័តឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត៦០ដើមទៅអ៊ុយក្រែននៅឡើយទេទោះបីទីក្រុងវ៉ាស៊ីនតោនបានឯកភាពថានឹងផ្ដល់ទៅឱ្យអ៊ុយក្រែនយ៉ាងណាក្ដី។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times ចេញផ្សាយនៅថ្ងៃនេះដោយដកស្រង់ប្រភពពីមន្ត្រីដែលដឹងកិច្ចការផ្ទៃក្នុង។ ការពន្យារពេលនេះកើតមានឡើងស្របពេលដែលអ៊ុយក្រែននៅតែបន្តស្នើសុំយ៉ាងទទូចនូវមីស៊ីលការពារដែនអាកាសនេះដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នៅក្នុងចំណោមមីស៊ីលការពារដែនអាកាសទាំងនោះមាន PAC-3 និង PAC-2 របស់អាមេរិកាំង។

មីស៊ីលនេះខ្លះមាននៅក្នុងឃ្លាំងអាវុធរបស់អឺរ៉ុប និងដែលប្រើប្រាស់ថវិការបស់សម្ព័ន្ធមិត្តអ៊ុយក្រែនដើម្បីទិញពីអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានដដែល។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនទាន់អាចពិនិត្យផ្ទៀងផ្ទាត់របាយការណ៍នេះថាមានភាពជាក់លាក់កម្រិតណាទេ។ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅមន្ទីរបញ្ចកោណដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយទៅលើរឿងនេះ ប៉ុន្តែគ្មានចម្លើយតបទេ។ គម្រោងបញ្ជូនខែលការពារដែនអាកាសដែលរួមទាំង PAC-3 ផងដែរនោះត្រូវធ្វើឡើងចន្លោះខែកញ្ញាដល់ខែធ្នូ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះគ្មានការអនុម័តយល់ព្រម (ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក) ដើម្បីបញ្ជូនទៅអ៊ុយក្រែនទេ។

ជើងទម្រម្ភៃគ្រឿងប្លាយម៉ាក PAC-2 ដែលជាមីស៊ីលផេទ្រាតស៊េរីចាស់ក៏ត្រូវបានទិញសម្រាប់បញ្ជូនទៅឱ្យអ៊ុយក្រែនរួចហើយដែរ ប៉ុន្តែដដែលឡើងវិញ មីស៊ីលទាំងនោះត្រូវរង់ចាំការអនុម័តពីអាមេរិកជាមុនសិនក្នុងការដឹកជញ្ជូន។ ចំណុចមួយទៀត កិច្ចខិតខំប្រឹងប្រែងក្នុងការប្រគល់សិទ្ធិឱ្យអ៊ុយក្រែនផលិតមីស៊ីលផេទ្រាតនៅក្នុងរោងចក្ររបស់ខ្លួនក៏ត្រូវពន្យារពេលដូចគ្នា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណថ្លែងប្រាប់សារព័ត៌មាន Financial Times ថានយោបាយរបស់អាមេរិកមិនផ្លាស់ប្ដូរទេពាក់ព័ន្ធនឹងការជួយអ៊ុយក្រែន។ ប៉ុន្តែអ្នកនាំពាក្យរូបនេះសូមមិនធ្វើអត្ថាធិប្បាយឡើយពាក់ពន្ធនឹងការបញ្ជូនអាវុធ។

មន្ត្រីម្នាក់បម្រើការនៅមន្ទីរបញ្ចកោណដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាក្រសួងសង្គ្រាមបន្តអនុវត្តកិច្ចខិតខំប្រឹងប្រែងស្របទៅតាមកិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិចក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាតជាមួយបណ្ដាប្រទេសដៃគូនៅអឺរ៉ុប និងអ៊ុយក្រែន។ កាលពីខែតុលា អាមេរិកអនុម័តលក់មីស៊ីលម៉ាកផេទ្រាត PSC-3 ចំនួន៥រយគ្រាប់ទៅឱ្យអ៊ុយក្រែនដែលមានតម្លៃសរុប២,១ពាន់លានដុល្លារ។ ប៉ុន្តែគេគិតថាមិនទាន់បញ្ជូនទៅអ៊ុយក្រែនភ្លាមៗទេ ត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០៣០ប្លាយ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ