ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជួបភ្លៀងជោកជាំខូចដីទំនាបខ្លះ តែចម្ការពោតក្រហមលើដីខ្ពស់នៅប៉ៃលិន ហុចផលខ្ពស់ លក់បានថ្លៃល្អនាចុងរដូវ!

1 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​មួយ​គ្រួ​សារបាន​នាំ​គ្នា​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​ពោតក្រហម​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្នុង​ចំការ​របស់​ខ្លួន ខណៈ ដែល​តម្លៃ​ទីផ្សារ​នា​ចុងឆ្នាំ​២០២៦​នេះ ហក់​ឡើង​ខ្ពស់ គួរ​ឱ្យ​កត់សម្គាល់ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា អាច​នឹង​លក់​បាន​ថវិកា សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​ជំពាក់​បំណុល​គេ​គ្រប់គ្រាន់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់ ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​បាន​ដាំ​ដំណាំ​ពោតក្រហម​នៅ​ក្នុង​ដីចំកា​របស់​ខ្លួន​ចំនួន​៨​ហិ​កតា អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ស្ថិត​នៅ​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​រហូត​មក​ដល់​ពេល​នេះ​ក៏​ដល់​ពេល​ត្រូវ​ប្រមូល​ជា​បណ្តើរ​ៗ ដើម្បី​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ទោះបីជា​ឆ្នាំ​២០២៦​នេះ ការ​ដាំពោត​ក្រហម​របស់​គាត់​ទទួល​រង​នូវ​ការ​ខូចខាត​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ ដែល​បណ្តាល​ឱ្យ​ដើម​ពោត​នៅ​កន្លែង​ដី​ទំនាប​ខ្លះ ត្រូវ​ទទួល​រង​នូវ​ការ​លិចលង់​រយៈពេល​យូរ ដែល​បណ្តាល​ឱ្យ​ជាំ​ទឹក​ខូចខាត ។ ប៉ុន្តែ​នៅ​ត្រង់​កន្លែង​ដី​ខ្ពស់​ដែល​មិន​ដក់​ទឹក ដើម​ពោតក្រហម​របស់​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់ ដែល​អាច​ឱ្យ​គាត់​ប្រមូល​ផល​រួច អាច​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​សង​ជំពាក់​គេ​ផង​ដែរ ។

គាត់​បន្ថែម​ទៀត​ថា ការ​ប្រមូល​ផល​ពោត គឺ​ជួល​កម្មករ​ឱ្យ​ដើរ​បេះ ដោយ​១​ធុង​ស្ពេ​ត្រូ តម្លៃ​៩០០​រៀល ហើយ​ក្នុង​១​ថ្ងៃ កម្មករ​ម្នាក់​ៗ​អាច​ប្រមូល​ផល​បាន​ចាប់ពី​១៥ ទៅ​២០​កា​រ៉ុ​ង គឺ​ទទួល​បាន​ថវិកា​ប្រមាណ​៤៥០០០ ទៅ​៥០០០០​រៀល ក្នុង​១​ថ្ងៃ ។ គាត់​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​២០២៦​នេះ គាត់​អាច​ប្រមូល​ផល​ផ្លែ​ពោតក្រហម​លក់​ទាំង​ស្នូល ក្នុង​១​គីឡូក្រាម តម្លៃ​៦៧៩​រៀល រីឯ​ពោត​គ្រាប់​លក់​បាន​តម្លៃ​៨៧០​រៀល ក្នុង​១​គីឡូ​គ្រាម ដែល​អាច​ឱ្យ​គាត់​មានចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រមូល​ផល​ពោតក្រហម​នា​ចុងរដូវ​ឆ្នាំ​នេះ ៕