ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ អះអាង​ថា កំពុង​ពិភាក្សា​ជាមួយ​រុ​ស្ស៊ី និង​ចិន អំពី​ការ​រំសាយ​អាវុ.ធ​នុយក្លេអ៊ែរ

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​១៥ ខែតុលា បាន​លើក​ឡើង​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​តែ​បន្ត​កិច្ច​ពិភាក្សា​ជាមួយនឹង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ប៉េ​កាំ​ង ក្នុង​គោលបំណង​រំសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters ។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខុ​ម ហៅ​កាត់​ថា (SIPRI) បានឱ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ស្តុក​ច្រើន​ជាងគេ បន្ទាប់​មក​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ ទោះ​យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​ត្រូវ​បានដឹង​ថា​មាន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បាន​ដាក់​ពង្រាយ​ហើយ ច្រើន​ជាង​រុ​ស្ស៊ី​ទៅ​ទៀត​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Newsmax លោក ត្រាំ បានឱ្យ​ដឹង​ថា លោក​រំពឹង​ថា ចិន​នឹង​តាម​ទាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​។ លោក​ថា «​យើង​កំពុង​ពិភាក្សា​ជាមួយ​រុ​ស្ស៊ី​អំពី​បញ្ហា​នោះ ហើយ​យើង​ក៏​កំពុង​ពិភាក្សា​ជាមួយ​ចិន​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ដែរ​»​។ ជាមួយ​គ្នា​នោះ Newsmax បាន​រាយការណ៍​ដែរ​ថា លោក ត្រាំ ពិតជា​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ភីង អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។

ការ​លើក​ឡើង​របស់​លោក ត្រាំ ធ្វើ​ឡើង​ប៉ុន្មាន​ខែ បន្ទាប់​ពី​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​-​រុ​ស្ស៉ី New START (Strategic Arms Reduction Treaty) បាន​ផុតកំណត់​កាលពីដើម​ឆ្នាំ​នេះ​។

សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១០ អនុញ្ញាត​ឱ្យ​មានការ​បន្ត​សុពលភាព​ត្រឹមតែ​ដងគត់ ដែល​កាល​ណោះ ត្រូវ​បាន​ព្រមព្រៀង​ដោយ​អតីត​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន សម្រាប់​រយៈពេល ៥ ឆ្នាំ​។ ការ​បន្ត​សុពលភាព​ថ្មី​ណាមួយ នឹង​តម្រូវ​ឱ្យ​មានការ​សម្រេចចិត្ត​លក្ខណៈ​ប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ពន្យារ​សពុល​ភាព​នៃ​សន្ធិសញ្ញា​នេះ ដោយ​ស្ម័គ្រចិត្ត​៕