សម្តេចធិបតី គូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនមិនអាចធ្វើតាមការលឺគេថា ឬបណ្តាញសង្គមនោះទេ គឺទាមទារភាពម៉ត់ចត់ និងអត់ធ្មត់ខ្ពស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជនដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ ។

យោងតាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបានដូចជា តាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេសនោះទេ ។

ក្នុងនោះ សម្តេចធិបតី បានលើកឡើងថា ចំពោះការជ្រើសរើសវិធីសាស្ត្រ ដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថា ជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ក្នុងការដោះស្រាយព្រំដែនទឹកតាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS) ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជាដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាពទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ ផងដែរ ៕
ចែករំលែកព័តមាននេះ