ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថ្លែង​ថា​លោក​កំពុង​ពិភាក្សា​​​ជា​មួយ​រុស្ស៊ី និង​ចិន​ស្ដី​ពី​ផែន​ការ​កា.ត់​បន្ថយ​ចំនួន​អា.វុ.ធ​នុយ​ក្លេអ៊ែរ​

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិគ្រោះ​គ្នា​ជា​មួយ​រុស្ស៊ី​ និង​ចិន​ដើម្បី​កាត់​បន្ថយ​ចំនួន​អាវុធ​នុយ​ក្លេអ៊ែរ​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​។ ការ​លើក​ឡើង​ដូច​ខាង​លើ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​សម្រុក​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​យ៉ាង​សម្បើម​។ គេ​ប៉ាន់​ស្មាន​ថា​ចិន​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ចូល​ដល់​ខ្ទង់​ពាន់​គ្រាប់​ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន​។

សព្វ​ថ្ងៃ​នេះ ប្រទេស​រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​ច្រើន​ដាច់​​គេ​​នៅ​​លើ​​សាកល​​លោក​។ ​​ឈរ​លំដាប់​ទី​២​គឺ​អាមេរិក​ និង​ឈរ​លំដាប់​ទី​៣​គឺ​ចិន​។ នេះ​បើ​យោ​ង​តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ដើម្បី​សន្តិ​ភាព​ជា​អន្តរ​ជាតិ​ដែល​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ស្តុក​ហូម ប្រទេស​ស៊ុយ​អែត​។ ថ្វី​ដ្បិត​រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​នាំ​មុខ​គេ​មែន ប៉ុន្តែ​​អាមេរិក​នាំ​មុខ​រុស្ស៊ី​ខាង​ចំនួន​ក្បាល​គ្រាប់​ដែល​ដាក់​ពង្រាយ​នៅ​លើ​ទីតាំង​យុទ្ធ​សាស្ត្រ​សំខាន់​ៗ​។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​​​ទូរ​ទស្សន៍​ Newsmax លោក​ត្រាំ​រំពឹង​ថា​ប្រទេស​ចិន​​នឹង​តាម​ទាន់​អាមេរិក​នា​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​។ លោក​ថ្លែង​ថា​អ្វី​ៗ​គ្រប់​យ៉ាង​ពោរ​ពេញ​ដោយ​ភាព​អាម៉ាស់​ណាស់​។ លោក​ចង់​កាត់​បន្ថយ​ចំនួន​អាវុធ​នុយ​ក្លេអ៊ែរ​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​។ យើង​កំពុង​ពិភាក្សា​ជា​មួយ​រុស្ស៊ី​អំពី​បញ្ហា​នេះ​ ហើយ​ក៏​ពិភាក្សា​ជា​មួយ​ចិន​ផង​ដែរ​។ ទូរទស្សន៍​ដដែល​នេះ​ផ្សាយ​ថា​លោក​ត្រាំ​ទើប​តែ​សន្ទនា​គ្នា​ជា​មួយ​ប្រធានា​ធិបតី​ចិន​ លោក​ស៊ី​ជីន​ពីង អំពី​ការ​កាត់​បន្ថយ​អាវុធ​នុយ​ក្លេអ៊ែរ​។

បទ​អត្ថា​ធិប្បាយ​របស់​លោក​ត្រាំ​កើត​មាន​ឡើង​បន្ទាប់​ពី​សន្ធិ​សញ្ញា​ស្ដី​ពី​ការ​កាត់​រំសាយ​អាវុធ​ជា​យុទ្ធ​សាស្ត្រ​បាន​ផុត​សុពល​ភាព​ជា​ច្រើន​ខែ​មក​ហើយ​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ម៉្លេះ​។ សន្ធិ​សញ្ញា​ញូ​ស្តាត (New START) ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០១០នោះ​​អនុញ្ញាត​ឱ្យ​បន្ត​សុពល​ភាព​បាន​តែ​ម្ដង​ប៉ុណ្ណោះ​។ សន្ធិ​សញ្ញា​នេះ​ចុះ​ហត្ថ​លេខា​កាល​ពី​ជំនាន់​លោក​បៃដិន និង​លោក​ពូទីន​កាល​ពី​៥​ឆ្នាំ​មុន​។ ប្រសិន​បើ​ចង់​បន្ត​សុពល​ភាព​សន្ធិ​សញ្ញា​នេះ​ទៀត​​លុះ​ត្រា​តែ​មាន​ការ​សម្រេច​ចិត្ត​ជា​សហ​មតិ​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​​​៕ ប្រភព៖ Reuters