ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវដឹង ! ព្យុះទី៣០ ឈ្មោះ «ចម្ពី» កំពុងកើតមាន ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើរទេ តែបណ្តាខេត្ត-រាជធានីមួយចំនួននឹងមានភ្លៀងធ្លាក់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៣០ ឈ្មោះ ច​ម្ពី (Champi)T2630 ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ច​ម្ពី នេះ​ទេ ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ ៖ ១-​តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ។

២-​តំបន់​ខ្ពង់រាប​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣០% ។

៣-​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ។
ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ ៕