ប្រទេសបែលហ្ស៊ិក ៖ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា តំបន់ Flanders របស់ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៥ តុលា បានបញ្ជាក់ពីករណីដំបូងនៃស្លាប់មនុស្សចំនួន ២នាក់ ដោយសារវីរុស West Nile ដែលជាជំងឺឆ្លងតាមរយៈសត្វមូស ហើយបាននិងកំពុងផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប។
វីរុសនេះ បណ្តាលឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយ ប៉ុន្តែនៅក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យមានការញ័រកន្ត្រាក់សាច់ដុំដោយអចេតនា គ្រុនក្តៅខ្លាំង សន្លប់បាត់ស្មារតី និងការរលាកជាលិកាខួរក្បាលធ្ងន់ធ្ងរ ដែលត្រូវបានស្គាល់ថា ជំងឺរលាកខួរក្បាល (Encephalitis) ហើយវាក៏អាចបណ្តាលឱ្យមានជំងឺរលាកស្រោមខួរ (Meningitis) ផងដែរ។
មន្ត្រីសុខាភិបាលបែលហ្ស៊ិកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះទាំងពីរនាក់នោះទេ ប៉ុន្តែគ្រាន់តែបានបញ្ជាក់ថា ពួកគេគឺជាបុគ្គលមានហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តំបន់ភាគខាងជើងនៃប្រទេសបែលហ្ស៊ិកបានបញ្ជាក់ពីករណីឆ្លងចំនួន ១៤ ករណី រួមទាំងអ្នកស្លាប់ចំនួន ២ នាក់ផងដែរ។
ដោយឡែក មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ ហៅកាត់ថា (ECDC) កាលពីសប្តាហ៍មុន ក៏បានថ្លែងថា ប្រទេសនៅអឺរ៉ុបចំនួន ១៨ បានកត់ត្រាការឆ្លងវីរុស West Nile នេះ ច្រើនជាង ១ ៨៥០ ករណីហើយ នៅក្នុងឆ្នាំ២០២៦៕


ចែករំលែកព័តមាននេះ