ទីក្រុងហាណូយ ៖ តម្លៃលក់រាយប្រេងសាំងនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចំពេលដែលតម្លៃប្រេងឥន្ធនៈពិភពលោកមានការធ្លាក់ចុះផងដែរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Vietnam Express (VnExpress) ។
ប្រេងសាំង E10 RON95 (សាំងស៊ុបពែរ) បានធ្លាក់ចុះ ៤,៣៥% បើធៀបនឹងសប្តាហ៍មុន មកនៅត្រឹមតម្លៃ ២៧ ០២០ ដុង ឬ ៤ ២៤១ រៀលក្នុងមួយលីត្រ។ រីឯប្រេងសាំង E5 RON92 (សាំងធម្មតា) ធ្លាក់ចុះ ២,៦៤% មកនៅត្រឹម ២៦ ៩៧០ ដុង ឬ ៤ ២៣៣ រៀល។ ចំណែកប្រេងម៉ាស៊ូតក៏បានធ្លាក់ចុះ ០,០៧% មកនៅត្រឹម ២៩ ១០០ ដុង ឬ ៤ ៥៦៧ រៀល។
តាមការបញ្ជាក់រួមគ្នារបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា ទីផ្សារប្រេងឥន្ធនៈសកលក្នុងរយៈពេលថ្មីៗនេះ បានបង្ហាញសញ្ញាថយចុះ ដោយសារទទួលឥទ្ធិពលពីកិច្ចព្រមព្រៀងស្តីពីការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក និងការកែសម្រួលបន្ថែមទៀត នៃការកាត់បន្ថយការព្យាករណ៍របស់អង្គការ OPEC លើកំណើនតម្រូវការប្រេងសម្រាប់ឆ្នាំនេះ។
បច្ចុប្បន្នក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងតែសម្រេចចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើអាជីវកម្មប្រេងឥន្ធនៈ ដែលនឹងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនអាជីវកម្មអាចកំណត់តម្លៃលក់ដោយខ្លួនឯង ផ្លាស់ប្តូរពីប្រព័ន្ធបច្ចុប្បន្នរបស់រដ្ឋាភិបាលជាអ្នកប្រកាសតម្លៃរៀងរាល់ ៧ ថ្ងៃម្តង៕


ចែករំលែកព័តមាននេះ