រដ្ឋបាលរាជធានីភ្នំពេញចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងជួសជុលស្ថាបនាផ្លូវបាក់ស្រុតនៅព្រែកលៀបឡើងវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ច្រាំងទន្លេមេគង្គដែលបាក់ស្រុតដាច់ផ្លូវនៅម្តុំផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ និងអោយក្រុមហ៊ុន, មន្ត្រីជំនាញអ្នកបច្ចេកទេស ចុះទៅត្រួតពិនិត្យដើម្បីចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាតទាំងស្រុង មានទទឹង៦ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនេះ ដោយមានអ្នកម៉ៅការជួសជុសផងដែរ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងចាត់វិធានការដោះស្រាយបញ្ហាប្រឈម និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឡើងវិញ។
គួរបញ្ជាក់ថា ច្រាំងទន្លេមេគង្គមួយកន្លែង ស្ថិតនៅម្តុំផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបាក់ស្រុតដី និងដាច់ផ្លូវបេតុងចូលក្នុង ទន្លេមេគង្គជាបន្តបន្ទាប់រហូតដល់ដាច់ផ្លូវបេតុង ផ្តាច់ចរាចរណ៍ស្រុង និងបានប្រេះចូលដល់ដីពលរដ្ឋទៀត ។

លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានអោយដឹងថា ការបាក់ស្រុតដីដាច់ផ្លូវនេះ នៅវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ខណៈពេលភ្លៀងធ្លាក់យ៉ាងខ្លាំង ។ មុនដំបូង បាក់ដាច់ផ្លូវតែប្រមាណ១០ម៉ែត្រ តែវេលារសៀលក៏បន្តបាក់ស្រុតដាច់ដាច់ផ្លូវបេតុងទាំងស្រុងរហូតដល់មានទទឹង៦ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ។
បន្ទាប់ពីមានការបាក់ស្រុត លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ អមដំណើរដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប, ក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ បានចុះពិនិត្យស្ថានភាពទីតាំងដែលរងការបាក់ស្រុតនោះ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតទីតាំងកើតហេតុ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងបានដាក់របាំង និងស្លាកសញ្ញាសំគាល់ហាមចេញ-ចូល ឬឆ្លងកាត់ទីតាំងបាក់ស្រុតដី និងផ្លូវបេតុង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ។
ដោយមានការគិតរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់ឱ្យអ្នកបច្ចេកទេស និងមន្ត្រីជំនាញចុះត្រួតពិនិត្យនិងចាប់ផ្ដើមដំណើរការជួសជុលនិងស្ថាបនាផ្លូវឡើងវិញ ចាប់ពីថ្ងៃនេះនិងអោយរួចរាល់ក្នុងរយៈពេល១ខែសំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕














ចែករំលែកព័តមាននេះ