ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អ៊ី​ស្រា​អែ​ល ឯកភាព​លើ​ការ​ពង្រឹង​យន្តការ​ពិគ្រោះ​យោបល់ ដើម្បី​ទាញ​យក​កាលានុវត្តភាព​ថ្មី​ៗ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​-​អ៊ី​ស្រា​អែ​ល ឯកភាព​លើ​ការ​ពង្រឹង​យន្តការ​ពិគ្រោះ​យោបល់ ដើម្បី​ទាញ​យក​កាលានុវត្តភាព​ថ្មី​ៗ ​។ ​នេះ​បើតាម​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម Isaac Herzog ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា​ ឆ្នាំ​២០២៦ ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធា​នការ​កសាង​ទំនុក ចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៧ នៅ​រដ្ឋធានី​បា​គូ នៃ​សា​ធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពី​ថ្ងៃ​ទី​១១ ដល់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម​ប្រ​ធានា​ធិ​បតី​អ៊ី​ស្រា​អែ​ល បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិ​បតី​ក្នុង​ឱកាស​នេះ​ ។  ឯកឧត្តម​បន្ត​ថា ជំនួប​នេះ​ បាន​ឆ្លុះ​បញ្ចាំ​ង​អំពី​មិត្តភាព​ដ៏​យូរអង្វែង​រវាង​អ៊ី​ស្រា​អែ​ល​-​កម្ពុជា​ ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​ធិ​បតី​បាន​ស​ម្តែ​ង​នូវ​ក្តី​រីករាយ​ចំពោះ​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល ហើយ​សម្ដេច​ធិ​បតី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះករុណា ព្រះបាទ ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​ឯក​ឧ​ត្តម​ប្រធានាធិបតី​ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំ​នា​ក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុ​ជា និង​អ៊ី​ស្រា​អែ​ល ក្នុង​រយៈពេល​ជិត​៦​ទសវត្សរ៍​ក​ន្លង​មកនេះ និង​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន​យើង​ទាំង​ពីរ​ ។

ព្រម​ជាមួយ​គ្នា​នេះ​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់តែ​រឹង​មាំ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, កសិកម្ម​, អប់រំ​, ទេសចរណ៍​, និង​ការងារ​ជាដើម​ ។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល បាន​ឯកភាព​លើ​ការ​ពង្រឹង​យន្តការ​ពិគ្រោះ​យោបល់ និង​ការ​ផ្លា​ស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​ឱ្យ​បាន​ទៀងទាត់ សំដៅ​ស្វែងរក និង​ទាញ​យក​កាលានុវត្តភាព​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី ឆ្ពោះទៅ​កម្រិត​ថ្មី​។

មុន​នឹង​បញ្ចប់ សម្ដេច​ធិ​បតី​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ដែល​បាន​យកចិត្តទុកដាក់​ផ្ដល់​ការ​គាំទ្រ និង​ទំនុកបម្រុង​ដល់​និស្សិត និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​ក្នុង​អ៊ី​ស្រា​អែ​ល ។