ប្រយ័ត្នធ្លាក់ក្នុងអន្ទា.ក់ ! ល្បិចក្លែងជាបុគ្គលិកធនាគារទូរស័ព្ទគំរា.មបោកយកលុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សូមប្រុងប្រយ័ត្នខ្ពស់! ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មានជនរងគ្រោះដល់ទៅ ០៣ ករណី ធ្លាក់ក្នុងអន្ទាក់ជនឆបោក ។ នេះបើយោងតាមផេក ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រកាសនាថ្ងៃទី១៥ ខែតុលានេះ ។

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះល្បិចកលបោកប្រាស់ ដែលកំពុងតែកើតឡើងយ៉ាងសកម្ម ។ ត្រឹមតែមួយថ្ងៃនេះ យើងបានទទួលពាក្យបណ្ដឹងផ្ទួនៗគ្នាពីជនរងគ្រោះចំនួន ០៣ ករណី។
ល្បិចកលរបស់ជនខិលខូចដែលតែងតែប្រើប្រាស់រួមមាន ៖
ក្លែងបន្លំជាភ្នាក់ងារធនាគារ ៖ ទូរស័ព្ទមកជនរងគ្រោះដោយប្រើសម្ដីលួងលោម ឬគំរាមកំហែងអះអាងថា ខ្លួនជាបុគ្គលិកធនាគារ។
គំរាមបង្កកគណនី (កុង) ធនាគារ៖ ជូនដំណឹងក្លែងក្លាយថា គណនីរបស់អ្នកមានបញ្ហា ឬពាក់ព័ន្ធបទល្មើស ហើយត្រូវបង្កកជាបន្ទាន់ ។
ទាមទារប្រាក់៖ តម្រូវឲ្យជនរងគ្រោះផ្ទេរប្រាក់ជាបន្ទាន់ ឬតម្រូវឲ្យបង់ប្រាក់ប្រចាំខែ ដើម្បីដោះស្រាយបញ្ហាគណនី ឬដើម្បីបើកដំណើរការគណនីឡើងវិញ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចងចាំថា ស្ថាប័នធនាគារពិតប្រាកដ គ្មានគោលការណ៍ទូរស័ព្ទទៅគំរាមអតិថិជន ឬទាមទារឲ្យផ្ទេរប្រាក់ចូលគណនីបុគ្គលឯកជនណាមួយ ដើម្បីដោះស្រាយបញ្ហាគណនីនោះទេ ។
+វិធីសាស្ត្រការពារខ្លួនពីការឆបោក ៖
១. ផ្តាច់ទូរស័ព្ទភ្លាមៗ ប្រសិនបើមានជនអនាមិកទូរស័ព្ទមកប្រាប់ពីបញ្ហាគណនីធនាគាររបស់អ្នក ។
២. ហាមផ្ទេរប្រាក់ ហាមចុចតំណលីង (Link) ដែលមិនស្គាល់ប្រភព និងហាមផ្ដល់លេខកូដសម្ងាត់ (OTP, PIN) ទៅឱ្យជនសង្ស័យជាដាច់ខាត។
៣. ទំនាក់ទំនងទៅកាន់សេវាអតិថិជនរបស់ធនាគារដោយផ្ទាល់ (តាមរយៈលេខផ្លូវការ) ដើម្បីបញ្ជាក់ការពិត ។
ប្រសិនបើបងប្អូនសង្ស័យ ឬជួបប្រទះករណីនេះ សូមរាយការណ៍មកកាន់ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យបានឆាប់រហ័សបំផុត៕
ចែករំលែកព័តមាននេះ