សហរដ្ឋអាមេរិក ៖ មានការបាញ់ប្រហារមួយកើតមាន កាលពីថ្ងៃទី១៥ តុលា ក្នុងសាលាបឋមសិក្សាមួយនៃរដ្ឋអូរីហ្គោនសហរដ្ឋអាមេរិក ដោយសម្លាប់មនុស្ស៤នាក់ ក្នុងនោះ មានកុមារ៣នាក់។ ខ្មាន់កាំភ្លើងជាក្មេងប្រុសម្នាក់ អាយុ១៦ឆ្នាំ ត្រូវបានបាញ់សម្លាប់ ។

ប្រមុខប៉ូលិសមូលដ្ឋានលោក MIKE KRANTZ គូសបញ្ជាក់ថា ការបាញ់ប្រហារនេះ កើតមាននៅក្រុង BEND រដ្ឋអូរីហ្គោន។ ក្នុងចំណោមជនរងគ្រោះស្លាប់នៅនឹងកន្លែង មានកុមារ៣នាក់ ម្នាក់អាយុ៥ឆ្នាំ ម្នាក់ទៀតអាយុ៨ឆ្នាំ និងកុមារទី៣ មានអាយុ១១ឆ្នាំ ព្រមទាំងគ្រូបង្រៀនម្នាក់ ។
ខ្មាន់កាំភ្លើងជាក្មេងប្រុសម្នាក់ មានអាយុ១៦ឆ្នាំ រស់នៅទីក្រុងមានប្រជាជនជាង១០០.០០០នាក់នេះ ។ ជនសង្ស័យបានត្រូវបាញ់សម្លាប់មុនពេលប៉ូលិសលើកមកដល់ ដោយអ្នកដំណើរម្នាក់ដែលមានកាំភ្លើង ។ អ្នកដំណើររូបនោះ បានឃើញក្មេងជំទង់នោះ ដើរចូលក្នុងសាលា ហើយរូបគេក៏តាមដានដល់ក្នុងសាលា។ ការវាយប្រហារនោះ កើតមានក្នុងសាលាបឋមសិក្សាSILVER RAIL ជាសាលាមួយមានសិស្សជាង៤០០នាក់។

ក្រៅពីអ្នកស្លាប់មនុស្សយ៉ាងតិច២នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រោយការបាញ់ប្រហារមនុស្សម្នា ត្រូវបានជម្លៀសចេញពីសាលា ។ អ្នកទទួលខុសត្រូវម្នាក់ខាងផ្នែកអប់រំមូលដ្ឋាន លោកSTEVEN COOK បានសម្ដែងការចូលរួមមរណទុក្ខជាមួយសាច់ញាតិគ្រួសារជនរងគ្រោះ ដោយក្នុងសេចក្ដីប្រកាសមួយលោកថ្លែងថា យើងមានការក្ដុកក្ដូលក្រៃលែង ចំពោះសោកនាកម្មដែលគ្មានន័យនោះ។
ការបាញ់ប្រហារថ្មីនេះ ក្នុងសាលារៀនអាមេរិក នាំឲ្យគេនឹកឃើញដល់ការបាញ់ប្រហារដ៏សែនទារុណនៅសាលារៀនមួយក្នុងក្រុង UVALDE រដ្ឋតិចសាស់ កាលពីឆ្នាំ២០២២ បណ្ដាលឲ្យកុមារដល់១៩នាក់ និងមនុស្សពេញវ័យ២នាក់ស្លាប់ ។ សហរដ្ឋអាមេរិក នៅតែរងការប៉ះពាល់ខ្លាំងដោយអំពើហិង្សានៃការប្រើកាំភ្លើង ។
យោងតាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល GUN VIOLENCE ARCHIVE ថា មនុស្សដល់ជិត១៥០០០នាក់ ត្រូវស្លាប់ដោយគ្រាប់កាំភ្លើងក្នុងឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក ក្រៅពីការធ្វើអត្តឃាត ៕

ចែករំលែកព័តមាននេះ