ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ប្រាប់​កិច្ចប្រជុំ CICA ថា​ កម្ពុជា​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​ជាក់ស្តែង​នៅ​តាម​តំបន់​ព្រំដែន​ដែល​កងទ័ព​ថៃ​កំពុង​កាន់កាប់ ដែល​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ CICA ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា ​កម្ពុជា​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​ជាក់ស្តែង​នៅ​តាម​តំបន់​ដែល​កងទ័ព​ថៃ​កំពុង​កាន់កាប់ ដែល​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​ និង​ថា​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះ​ស្រា​យ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់​ដោយ​សន្តិវិធី​ជា​មួយ​ភាគី​ថៃ ​។

ការ​ថ្លែង​ប្រកាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៧ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦​ ។

សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី ហៅ​កាត់​ថា CICA គឺជា​វេទិកា​អន្តររដ្ឋាភិបាល​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​ ។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ នៅ​តែ​បន្ត​គោរព​បាន ប៉ុន្តែ​ស្ថានការណ៍​នៅ​តែ​មាន​ភាព​ស្មុគស្មាញ​ ។ បញ្ហា​ស្នូល គឺ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ជា​ធរមាន នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ «កម្ពុជា​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន ភាព​ជាក់ស្តែង​ នៅ​តាម​តំបន់​ដែល​កងទ័ព​ថៃ កំពុង​កាន់កាប់ ដែល​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​ ។ ការ​ខណ្ឌសីមា​ព្រំដែន តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដែល​ជា​យន្តការ​គន្លឹះ​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ដូច​មាន​ចែង​យ៉ាង​ច្បាស់​ក្នុង​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ថៃ រួម​ទាំង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ (Ku​ala Lumpur Declaration) និង​សេចក្តី​ប្រកាស​រួម​(Joint Statement) នៅ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​លើ​ទីតាំង​នៅឡើយ​»​។

លើស​ពី​នេះ សម្ដេច​ធិ​បតី​ក៏​បានឱ្យ​ដឹង​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទាំងនេះ បាន​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ក្នុង​ការ​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ដោយ​សុវត្ថិភាព និង​សេចក្ដី​ថ្លៃថ្នូរ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា​ «​បើ​ទោះបីជា​ស្ថាន​ការ​ណ៍​នៅ​តែ​មាន​ភាព​ស្មុគស្មាញ​បែប​នេះ​ក៏​ដោយ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដោយ​សន្តិវិធី​ជាមួយ​ថៃ តាម​រយៈ​យន្តការ និង​កិច្ច​ព្រម​-​ព្រៀង​ទ្វេភាគី ដែល​មាន​ស្រាប់ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ព្រមទាំង​ការពារ​អធិបតេយ្យភាព និង​បូរណ​ភាព​ទឹកដី​របស់​ខ្លួន»។

សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ការ​សន្ទនា​, ការ​កាត់​បន្ថយ​ភាព​តានតឹង​, ការ​អនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី​ដោយ​ស្មោះត្រង់ ជា​ពិសេស​ ការ​ខណ្ឌសីមា​ព្រំដែន តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) និង​វិធានការ​ជាក់ស្តែង​ដើម្បី​កសាង​ទំនុកចិត្ត គឺជា​កត្តាចាំបាច់​ក្នុង​ការ​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​ប្រកបដោយ​យុត្តិធម៌​, ស្ថិតស្ថេរ និង​ការ​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិវិធី ​៕