ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងលិចលង់ស្រូវជិត៤.០០០ហិកតា ! អាជ្ញាធរចុះអន្តរាគមន៍ភ្លាមៗត្រៀមផ្តល់ពូជស្រូវស្តារឡើងវិញ និងត្រៀមទឹកប្រយុទ្ធនឹងគ្រោះរាំងស្ងួត

3 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅ​ខេត្តឧត្តរមានជ័យ និង​ណែនាំ​ឱ្យ​ប្រញាប់​រៀបចំ​ពូជស្រូវ​ស្តារ​ឡើង​វិញ​ជូន​ប្រជាពលរដ្ឋ

នេះ​បើ​យោង​តាម​ផេ​ក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផល​ប៉ះពាល់​ដំណាំ​កសិកម្ម ដោយសារ​គ្រោះ​មហន្តរាយ​ទឹកជំនន់ តាម​បណ្តា​ក្រុង​-​ស្រុក ក្នុង​ខេត្តឧត្តរមានជ័យ ។

យោង​តាម​របាយការណ៍​ឋ​ម គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ខេត្តឧត្តរមានជ័យ មាន​ក្រុង​-​ស្រុក ចំនួន​៥ បាន​រង​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ស្មើនឹង​ឃុំ​-​សង្កាត់ ចំនួន​២៣ និង​១៣៦​ភូមិ ។ ក្នុង​នោះ​ដំណាំ​ស្រូវ ប៉ះពាល់ ចំនួន ៣.៨០៤​ហិ​កតា ស្មើនឹង ២.៩១៣​គ្រួសារ ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ះពាល់ ដូច​ជា ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​ផង​ដែរ ។

នា​ឱកាស​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​-​ស្រុក ដែល​រង​ផល​ប៉ះពាល់​លើ​ដំណាំ​ស្រូវ ក្នុង​ការ​ជំរុញ វាយតម្លៃ​ការ​ខូចខាត​ឱ្យ​បាន​រហ័ស ដើម្បី​ពិនិត្យ​ការ​ផ្តល់​ជា​ពូជ​សម្រាប់​ស្តារ​ឡើង​វិញ​។

ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម គូសបញ្ជាក់​ថា ការ​វាយតម្លៃ​នេះ មាន​សារៈសំខាន់​ក្នុង​ការ​ប្រមូល​ព័ត៌មាន​សម្រាប់​ការ​សម្រេចចិត្ត ការ​កំណត់​អាទិភាព​នៃ​ការ​ជួយ​ឧបត្ថម្ភ និង​ការ​ស្នើ​សុំ​ធនធាន​ចាំបាច់ តាម​រយៈ​យន្តការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​។

ទន្ទឹម​គ្នា​នេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​រម្លឹក​អំពី​ការ​ចាត់វិធានការ​ជួយ​ស្រូវ​ប្រជា​កសិករ និង​ត្រៀម​ទឹក​ទុក​សម្រាប់​បង្ការ​គ្រោះ​រាំង​ស្ងួត​នា​ពេល​ខាង​មុខ​ដោយ​ឥទ្ធិពល El-Nino និង​ត្រៀមលក្ខណៈ​អន្តរាគមន៍​ជួយ​ប្រជា​កសិករ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ៕