ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​២​​នាក់ និង​អ្នក​បើកកាណូត​ម្នាក់ ពាក់ព័ន្ធជម្រិតប្រាក់ពីប្រជា​នេសាទ

42 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​សារព័ត៌មាន​ចំនួន​២​នាក់ និង​អ្នក​បើកកាណូត​១​នាក់ ​ត្រូវ​បាន​កងកម្លាំង​​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ផ្នែក​បង្ក្រាប​បទល្មើស​នេសាទ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ជម្រិត​ទារ​ប្រាក់​ពី​ប្រជា​នេសាទ ។

​ការ​ចាប់ខ្លួន​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ​តុលា ឆ្នាំ​២០២៦ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ជម្រិត​ទារ​ប្រាក់​ពី​ប្រជា​នេសាទ​នៅ​ចំណុច​ព្រែកជីក ភូមិ​អន្លង់​មេត្រី ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី​ ​ខេត្តកំពង់ឆ្នាំង​ ។

លោក ប៊ី ចាន់​រស្មី​នី មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ និង​ជា​ប្រធាន​បង្ក្រាប​បទល្មើស​បឹង​ទន្លេសាប នៅ​ព្រឹក​នេះ អង្គភាព​របស់​លោក​បាន​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​២​រូប ​និង​អ្នក​បើកកាណូត​១​នាក់ ពី​បទ​ជម្រិត​ទា​រប្រាក់​ពី​ប្រជា​នេសាទ​ចំនួន​១​លាន​៦០​ម៉ឺន​រៀល ឬ​ស្មើនឹង​៤០០​ដុល្លារ ជា​ការ​ដោះ​ដូរ​​ឲ្យ​នេសាទ​ដាក់​ដាយ​នៅ​ចំណុច​ព្រែកជីក ភូមិ​អន្លង់​មេត្រី ។

អ្នក​សារព័ត៌មាន​ទាំង​២​រូប​មាន​ ១-ឈ្មោះ អ៊ុ ថា ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​គេហទំព័រ WWW.RSM DAILY NEWS  ។ ​ឈ្មោះ​នេះ​ បាន​ប្រើប្រាស់​ប័ណ្ណ​​សម្គាល់​អង្គភាព​ហួស​សុពលភាព ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ ។ ឈ្មោះ​ដដែល នៅ​បាន​ប្រើប្រាស់​សម្គាល់​ខ្លួន​របស់​អង្គភាព​ដដែល​នេះ​មួយទៀត ដែល​ចេញ​ដោយ​ក្រសួង និង​ហួស​សុពលភាព​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២៥ ។​ ២​-ឈ្មោះ សឹម សុខា អ្នក​យក​ព័ត៌​មាន​ឲ្យ​អង្គភាព WWW.RSM DAILY NEWS ។ ​ឈ្មោះ​នេះ បាន​​ប្រើប្រាស់​ប័ណ្ណ​​សម្គាល់​ខ្លួន​នៅ​មាន​សុពល​ភាព ​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៦ និង​៣​-ជា​អ្នកបើកបរ​កាណូត​ឈ្មោះ ឃុ​ត ផ​ល្លី រស់នៅ​ឃុំ​កំពង់​ ហៅ​ស្រុក​កំពង់លែង​។

ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​បាន​កម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អង្គភាព​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​បន្ត​នីតិវិធី​ ។

លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​​ បាន​បញ្ជាក់​តាម​ទូរ​សព្ទ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ប៉ុន្តែ​ស្នងការដ្ឋាន​នៅ​មិន​ទាន់​ទទួល​បាន​សំណុំរឿង​ពី​មន្ត្រី​យោធា​ដែល​បង្ក្រាប​បទល្មើស​នេសាទ​នៅឡើយ​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​១៧ តុលា នេះ​ ៕