ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំទើបតែចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិដើម្បីលើកលែងទណ្ឌកម្ម និងលើកលែងគម្រោងដំឡើងពន្ធដែលគ្រោងដាក់ទៅលើរុស្ស៊ី។ ពោលគឺការចុះហត្ថលេខានេះធ្វើឡើងមុនពេលទណ្ឌកម្មចូលជាធរមានត្រឹមតែបន្តិចប៉ុណ្ណោះ។ លោកថ្លែងប្រាប់សភាខង់ហ្ក្រែសថាលោកធ្វើនេះដើម្បីផលប្រយោជន៍ជាតិ។ កាលពីខែកញ្ញា លោកបានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី និងអ៊ីរ៉ង់ដើម្បីដាក់សម្ពាធរុស្ស៊ី និងសេដ្ឋកិច្ចរុស្ស៊ី។ ច្បាប់នោះមានគោលដៅដាក់ទណ្ឌកម្មរដ្ឋាភិបាលរុស្ស៊ី និងមន្ត្រីយោធារុស្ស៊ី ធនាគារធំៗ និងក្រុមកប៉ាល់ស្រមោលដែលជួយដឹកទំនិញរុស្ស៊ី។ ទណ្ឌកម្មនេះក៏ដាក់ទៅលើក្រុមប្រទេសដែលបន្តទិញប្រេងឆៅ និងហ្គាសពីរុស្ស៊ីផងដែរ។

ប្រេសិតពិសេសរបស់វិមានក្រឹមឡាំង លោកគីរីល ឌីមីទ្រីវ (Kirill Dmitriev) ចាត់ទុកថាការសម្រេចចិត្តព្យួរទុកទណ្ឌកម្មនោះជារឿងសំខាន់ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ លោកថាបើសិនអាមេរិកអនុវត្តទណ្ឌកម្មនេះអាចនឹងធ្វើឱ្យកិច្ចសហការសេដ្ឋកិច្ចរវាងរុស្ស៊ី និងអាមេរិកជាប់គាំងទាំងស្រុង។ ប៉ុន្តែចំណាត់ការរបស់ត្រាំកើតមានឡើងចំពេលដែលមេដឹកនាំអ៊ុយក្រែនបន្តរិះគន់យ៉ាងចាស់ដៃ។ ហ្សេឡិនស្គីយល់ថានេះជាពេលដែលត្រូវបន្ថែមសម្ពាធលើរុស្ស៊ី មិនមែនបន្ធូរបន្ថយសម្ពាធនោះទេ។

ការសម្រេចចិត្តនេះក៏កើតឡើងក្រោយសេចក្ដីប្រកាសដ៏ចម្រូងចម្រាសរបស់លោកត្រាំដែលថាអាមេរិក និងរុស្ស៊ីសម្រេចបានកិច្ចព្រមព្រៀងដើម្បីឱ្យរុស្ស៊ីនាំចេញប្រេងម៉ាស៊ូតទប់ទល់នឹងតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ លោកថាប្រទេសទាំង២ឯកភាពគ្នាថារុស្ស៊ីនឹងបញ្ចេញប្រេង៣សែនតោនដើម្បីលក់ឱ្យអាមេរិក និងទីផ្សារពិភពលោក។ ប្រេងកន្លះលានតោនទៀតក៏នឹងបញ្ចេញនៅខែវិច្ឆិកាផងដែរ។ មិនយូរប៉ុន្មានក្រោយនោះ រុស្ស៊ីនឹងបញ្ចេញប្រេង១សែនតោនទៀតបន្ទាប់ពីនោះ។

លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាផ្អែកលើលក្ខខណ្ឌនៃសមត្ថភាពចម្រាញ់ប្រេងនៅរោងចក្រ រុស្ស៊ីនឹងចេះតែបញ្ចេញប្រេងជាបន្តបន្ទាប់។ នៅក្នុងរយៈពេលខ្លី រុស្ស៊ីអាចបញ្ចេញប្រេងម៉ាស៊ូត៣សែនតោន។ លោកហ្សេឡិនស្គីកំពុងស្ថិតនៅទីក្រុងប្រ៊ុចសែលដើម្បីជួបថ្នាក់ដឹកនាំសហភាពអឺរ៉ុបពិភាក្សាគ្នាអំពីសង្គ្រាម។ ថ្ងៃនេះ អ្នកសារព័ត៌មានសួរលោកថាតើលោកក្លាយជា «អ្នករងថ្មបាក់» ឬយ៉ាងណាដែលលោកត្រាំគិតតែពីប្រយោជន៍របស់គាត់មុនការបោះឆ្នោតខែវិច្ឆិកា? លោកហ្សេឡិនស្គីញញឹមតិចៗ រួចឆ្លើយថានេះហើយជាចម្លើយរបស់ខ្ញុំ។ លោកថាអ៊ុយក្រែនមិនអាចទទួលយកបានជាដាច់ខាតនូវកិច្ចព្រមព្រៀងទិញ-លក់ប្រេងម៉ាស៊ូតរបស់រុស្ស៊ីនោះ៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ