ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រិះ​គន់​នយោបាយ​អាមេរិក​ចំពោះ​​កូរ៉េ​ខាង​ជើង​ និង​ស្នើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​កុំ​ចូល​​​​ដៃ​ក្នុង​ក្រុម​ណា​មួយ

12 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ប្រមុខ​ការ​ទូត​ចិន លោក​វ៉ាង​យី​ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង បាន​​​​និយាយ​ក្រើន​រំលឹក​​រដ្ឋាភិបាល​ប្រទេស​នេះថា​​កុំ​លេង​ល្បែង​ចូល​ទៅ​ខាង​ប្រទេស​មហា​អំណាច​​មួយ​ ហើយ​ទុក​ចោល​មួយ​ ពោល​​គឺកុំ​​ចូល​ខាង​អាមេរិក​​ទុក​ចោល​ចិន ឬ​ចូល​ខាង​ចិន​ទុក​ចោល​អាមេរិក។​ ម៉្យាង​ទៀត​ លោក​ក៏សូម​ផ្ដាំ​ទៅ​អាមេរិក​គួរ​ណាស់​បោះ​បង់​ចោល​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​នយោបាយ​​យក​គ្នា​ធ្វើ​ជា​សត្រូវ​ជា​មួយ​កូរ៉េ​ខាង​ជើង​។ លោក​យល់​ថា​លុះ​ត្រា​តែ​ធ្វើ​បែប​នេះ​បាន​​ទើប​អាច​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក​​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ទី​​ប្រឹក្សា​សន្តិ​សុខ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក​វីស៊ុង​ឡាក់​ នៅ​ទី​ក្រុង​សេអ៊ូល​​។ លោក​ក៏​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី​ជេ​ម្យុង​ផង​ដែរ​​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​។

​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ​ស្ថិត​នៅ​លើ​ការ​រក​ឱ្យ​ឃើញ​នូវប្រភព​ឫស​គល់​នៃ​បញ្ហា​ និង​ស្ថិត​នៅ​លើ​អាមេរិក​បោះ​បង់​ចោល​នយោបាយ​យក​គ្នា​ធ្វើ​ជា​សត្រូវ​ជា​មួយ​កូរ៉េ​ខាង​ជើង​។ ប្រទេស​ចិន​សង្ឃឹម​ថា​កូរ៉េ​ខាង​ត្បូង​នឹង​ពង្រឹង​ជំហរ​ខ្លួន​ឯង​ឱ្យ​មាន​ស្វ័យ​ភាព​ពិត​ប្រាកដ​, ជៀស​វាង​មិន​ចូល​រួម​លេង​ល្បែង​ប្រទាញ​ប្រទង់​គ្នា​រវាង​ប្លុក​នយោបាយ​មួយ​ និង​ប្លុក​នយោ​បាយ​មួយ​ទៀត​ ឬ​ចូល​​ទៅ​​ក្នុង​ប្លុក​ណា​មួយ​ និង​បន្ត​អភិ​វឌ្ឍ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​មហា​អំណាច​ធំ​ៗ​ដូច​ធម្មតា​ដោយ​មិន​ប្រកាន់​ថា​ចិន ឬ​អាមេរិក​នោះ​ទេ​។ ប្រសាសន៍​របស់​លោក​វ៉ាង​យី​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​កាល​ពី​ម្សិល​មិញ​ប្រកាស​ថា​លោក​មាន​គម្រោង​ជួប​លោក​គីម​ជុង​អ៊ុន​នៅ​ចុង​ឆ្នាំ​នេះ​។ លោក​អះ​អាង​ថា​កូរ៉េ​ខាង​ជើង​ឥឡូវ​នេះ​មាន​នុយ​ក្លេអ៊ែរ​ដ៏​មាន​អា​នុ​ភាព​​​ខ្លាំង​ក្លា​ចំនួន​៥៧​គ្រាប់​នៅ​ក្នុង​ដៃ​។

លោក​ត្រាំ​​​បញ្ជា​ឱ្យ​មន្ត្រី​ជាន់​​ខ្ពស់​នៃ​មន្ទីរ​បញ្ចកោណ​កាត់​បន្ថយ​ទំហំ​នៃ​​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ព្រោះ​សមយុទ្ធ​យោធា​នេះ​ចុះ​ថវិកា​ជាតិ​ច្រើន​ណាស់​ និង​ម៉្យាង​ទៀត​​ វា​ជា​សញ្ញា​នៃ​ការ​យក​គ្នាធ្វើ​​ជា​សត្រូវ​ ខណៈ​ដែល​លោក​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​លោក​គីម​ជុង​អ៊ុន​។ អាមេរិក​នៅ​តែ​ប្រកាន់​ជំហរ​ជា​ផ្លូវ​ការ​របស់​ខ្លួន​ដដែល​គឺ​ចង់​ឃើញ​កូរ៉េ​ខាង​ជើង​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​ត្រូ​វរបប​ក្រុង​ព្យុង​យ៉ាង​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​។ ​​ កូរ៉េ​ខាង​ត្បូង​ចេញ​សេចក្ដី​ប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​ដែល​ទើប​តែ​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ដប់​គ្រាប់​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ កូរ៉េ​ខាង​ត្បូង​បញ្ជា​ឱ្យ​កង​ទ័ព​របស់​ខ្លួន​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ការ​ពារ​ខ្លួន​នៅ​ពេល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​។

លោក​វ៉ាង​យី​ថ្លែង​ថា​ប្រទេស​ចិន​​មាន​ចិត្ត​រីក​រាយ​ណាស់​​​ប្រសិន​បើ​ឧបទ្វីប​កូរ៉េ​វិល​ទៅ​រក​ការ​រួម​រស់​ជា​សន្តិ​សហ​វិជ្ជ​មាន​រវាង​ប្រទេស​បង​ប្អូន​គូ​សត្រូវ​កូរ៉េ​ទាំង​២​។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ចាប់​ផ្ដើម​សន្ទនា​គ្នា​ឡើង​វិញ​ និង​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ លោកបាន​អញ្ជើញ​លោក​វីស៊ុង​ឡាក់​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​។ ជា​កិច្ច​ឆ្លើយ​តប​ លោក​វី​ស្នើ​សុំ​ឱ្យ​លោក​វ៉ាង​យីចូល​រួម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បែប​ស្ថាប​នា​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​របស់​កូរ៉េ​ខាង​ត្បូង​ចំពោះ​កូរ៉េ​ខាង​ជើង​។ រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ូល​កំពុង​ព្យាយាម​រក​ឱកាស​បើក​ការ​សន្ទនា​គ្នា​ឡើង​វិញ​ជា​មួយ​របប​ក្រុង​ព្យុង​យ៉ាង​ ក៏​ដូច​ជា​អំពាវនាវ​ឱ្យ​មាន​ការ​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ប្រកប​ដោយ​ជំហាន​ហ្មត់​ចត់ និង​ធ្វើ​ឡើង​ជា​​​ដំណាក់​កាល​ៗ​។ នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​ដាច់​ដោយ​ឡែក​ជា​មួយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​វ៉ាង​យី​សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​មិត្ត​ភាព​ជា​មួយ​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​បាន​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​ហើយ​ ហើយ​រឹត​តែ​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​កិច្ច​ជំនួប​កំពូល​រវាង​លោក​លីជេ​ម្យុង និង​លោក​ស៊ី​ជីន​ពីង​។ លោក​ថា​គោល​នយោបាយ​បែប​វិជ្ជមាន​, ប្រាកដ​និយម និង​សុភ​វិនិច្ឆ័យ​របស់​កូរ៉េ​ខាង​ត្បូង​ចំពោះ​ប្រទេស​ចិន​គឺ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​ និង​កាលៈ​ទេសៈ​សង្គម​។ លោក​វ៉ាង​យី​ក៏​ស្នើ​សុំ​ឱ្យ​ពន្លឿន​ការ​ចរ​ចា​ជុំ​ទី​២​ដើម្បី​សម្រេច​​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​ប្រទេស​ទាំង​២​ផង​ដែរ​។ លោក​ថា​ប្រទេស​ទាំង២​គួរ​ណាស់​ខិត​ខំ​លើក​កម្ពស់​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ការ​ប្រេះ​ឆា​សេដ្ឋ​កិច្ច​ និង​នយោ​បាយ​គាំពារ​និយម​ពាណិជ្ជ​កម្ម​​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ លោក​លី​ជេ​ម្យុង​ជម្រាប​ជូន​លោក​វ៉ាង​យី​ថា​កូរ៉េ​ខាង​ត្បូង​សម្រេច​បាន​សមិទ្ធ​ផល​រូបី​ក្នុង​ការ​ស្ដារ​ទំនាក់​ទំនង​ទ្វេ​ភាគី​ពេញ​លេញ​ឡើង​វិញ​។ លោក​សន្យា​ថា​នឹង​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​នៅ​ទី​ក្រុង​ស៊ឹន​ចិន​នា​ចុងឆ្នាំ​នេះ​៕ ប្រភព៖ Reuters