ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ និង ACU ចុះ​អធិការកិច្ច ២​ថ្ងៃ​នៅ​សាលាស្រុក​អង្គរ​បូ​រី ក្រោយ​មានការ​ចោទប្រកាន់​ពី​ការ​ទារប្រាក់​​មិនឈប់​ឈរ​សោះ​

1 នាទី មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​តួនាទី​របស់​មន្ត្រី​មួយ​រូប​នៅ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សាធារណជន បន្ទាប់​ពី​មានការ​រាយការណ៍​ថា ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី រយៈពេល​២​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​តួនាទី​របស់​លោក ហង្ស វិច្ឆិកា​រាស្សី​។

ការ​ចុះ​អធិការកិច្ច​នេះ តាម​ប្រភព​ថា ធ្វើ​ឡើង​ស្រប​ពេល​មានការ​លើក​ឡើង និង​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ប្រាក់​ក្រៅ​នីតិវិធី​។ ទោះជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​ផ្លូវការ​ណាមួយ​បញ្ជាក់​ថា ការ​ចោទប្រកាន់​ទាំងនេះ​មានការ​ពិត ឬ​មាន​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ឡើយ​។

ការ​ចុះ​ពិនិត្យ​របស់​ស្ថាប័ន​ជំនាញ បាន​បង្កើត​ជា​សំណួរ​ជា​ច្រើន​ថា តើ​ការ​ត្រួតពិនិត្យ​នេះ នឹង​ផ្តោត​តែ​លើ​ការ​អនុវត្ត​ការងារ​របស់​លោក ហង្ស វិច្ឆិកា​រាស្សី ឬ​ក៏​នឹង​ពិនិត្យ​ដល់​ប្រព័ន្ធ​គ្រប់គ្រង ការ​ទទួលខុសត្រូវ និង​តួនាទី​របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី​ផង​ដែរ?

ជាមួយ​គ្នា​នេះ ក៏​មានការ​ចោទសួរ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា តើ​លោក កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពី​ការ​ទារប្រាក់ ឬ​អំពើ​ពុក​រលួយ​ដែល​កំពុង​ត្រូវ​បាន​លើក​ឡើង​ដែរ​ឬទេ?

តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន បាន​អះអាង​ថា កន្លង​មក អ្នក​សាងសង់​ផ្ទះ​ថ្មី ឬ​អ្នក​ជួសជុល និង​កែ​លម្អ​ផ្ទះ​ចាស់ អាច​ត្រូវ​បាន​ទាមទារ​ឱ្យ​បង់ប្រាក់​មួយ​ចំនួន​ក្រៅពី​នីតិវិធី​ដែល​បាន​កំណត់​។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ថា ប្រាក់​ទាំងនោះ​មាន​មូលដ្ឋាន​ច្បាប់ ឬ​ជា​ការ​ទាមទារ​ដែល​មិន​ស្រប​តាម​នីតិវិធី​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជីវករ​មួយ​ចំនួន​ក៏​បាន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ទាមទារ​ឱ្យ​បង់ប្រាក់​ជា​ប្រចាំខែ ហើយ​ប្រសិនបើ​មិន​អនុវត្ត​តាម​ការ​ទាមទារ អាច​ប្រឈម​នឹង​សម្ពាធ​ពាក់ព័ន្ធ​នឹង​អាជ្ញា​បណ្ណ ឬ​ការ​បន្ត​ប្រកប​អាជីវកម្ម​។

ការ​លើក​ឡើង​ទាំងនេះ ប្រសិនបើ​ពិតប្រាកដ គឺជា​បញ្ហា​ដែល​ត្រូវការ​ការ​បញ្ជាក់​យ៉ាង​ម៉ត់ចត់ ព្រោះ​ការ​ប្រមូល ឬ​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ និង​អាជីវករ ត្រូវ​តែ​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ស្រប​តាម​នីតិវិធី​ដែល​បាន​កំណត់​។

ស្រប​ពេល​ដែល​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី កំពុង​ជំរុញ​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការ​ផ្តល់​សេវា​សាធារណៈ ការ​ចោទប្រកាន់​ខាងលើ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ និង​ចង់​ឃើញ​ការ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំឱ្យ​ការ​ចោទប្រកាន់​ក្លាយជា​ការ​យល់​ច្រឡំ ឬ​បន្ត​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ស្ថាប័នរដ្ឋ​។

ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន បាន​អំពាវនាវ​ឱ្យ​រដ្ឋបាល​ខេត្តតាកែវ ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ត​ពិនិត្យ និង​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ ដោយ​ផ្តោត​លើ​ប្រភព​នៃ​ការ​ទាមទារ​ប្រាក់ បែបបទ​នៃ​ការ​ប្រមូលប្រាក់ អ្នក​ដែល​ទទួលផល ព្រមទាំង​ការ​ប្រើប្រាស់​ប្រាក់​ទាំងនោះ ដើម្បី​បញ្ជាក់​ការ​ពិត និង​ផ្តល់​ចម្លើយ​ជូន​សាធារណជន​។

ជុំវិញ​ករណី​នេះ សាធារណជន​កំពុង​រង់ចាំ​លទ្ធផល​ពី​ការ​ចុះ​អធិការកិច្ច​រយៈពេល​២​ថ្ងៃ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ថា​តើ​ការ​ចោទប្រកាន់​ពី​ការ​ទារប្រាក់​ក្រៅ​នីតិវិធី មាន​មូលដ្ឋាន​ពិតប្រាកដ​កម្រិត​ណា ហើយ​ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី តើ​នឹង​មាន​វិធានការ​យ៉ាងដូចម្តេច?

ព័ត៌មាន​បន្ត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

លោកកង អាណាន់ ​អភិបាល​ស្រុកអង្គរបូរី
លោក ហង្ស វិច្ឆិកា​រាស្សី​