ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទះ​ឃើញ​ស.ព​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​​ ត្រូវ​ម៉ូតូ​សង្ក.ត់​ពី​លើ សង្ស័យជិះ​ម៉ូតូ​ធ្លា.ក់​ផ្លូវ​ក្បែរ​ស្ពាន

2 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​រត់​ម៉ូតូឌុប ដើម្បី​ចិញ្ចឹម​កូន​តូច​ៗ ដោយ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ជាប់​រើ​អត់​រួច បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ដែល​គេ​សង្ស័យ​ថា ផឹក​ស្រវឹង​ជោកជាំ​រហូត​ដល់​ធ្លាក់​ភ្នែក…

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​រត់​ម៉ូតូឌុប ដើម្បី​ចិញ្ចឹម​កូន​តូច​ៗ ដោយ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ជាប់​រើ​អត់​រួច បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ដែល​គេ​សង្ស័យ​ថា ផឹក​ស្រវឹង​ជោកជាំ​រហូត​ដល់​ធ្លាក់​ភ្នែក លុះ​ជិះ​ម៉ូតូ​ពេល​យប់​ម្នាក់ឯង​មើលផ្លូវ​លែង​ឃើញ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ក្បែរ​គល់​ស្ពាន​មួយ​កន្លែង រហូត​ដល់​ពេល​ព្រឹក បង្ក​ឱ្យ​មានការ​ភ្នា​ក់​ផ្អើល​តែ​ម្តង ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ដេក​ស្លាប់​ត្រូវ​ម៉ូតូ​សង្កត់​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ មានឈ្មោះ មួ​ង អាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-8007 មានកូន​នៅ​ក្នុង​បន្ទុក​ចំនួន​៧​នាក់ ប្រុស​២​នាក់ ស្រី​៥​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៦​ទៅ​៨​នាក់ នៅ​ក្បែរ​កន្លែង​ខ្លួន​ឈរជើង​ចាំ​រត់​ម៉ូតូឌុប​ក្នុង​ក្រុងប៉ៃលិន ដោយ​នាំ​គ្នា​ផឹកស៊ី​តាំងពី​ល្ងាច​រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា រហូត​ដល់​យប់​ជ្រៅ​អ្នក​ផ្ទះ​រង់ចាំ​ជន​រង​គ្រោះ​មិនឃើញ​ត្រឡប់​មក​វិញ​ដូច​សព្វមួយដង ក៏​ទាក់ទង​រក​គ្រប់​ច្រកល្ហក តែ​គ្មាន​នរណា​ដឹង​ដំណឹង​នោះ​ឡើយ​។ ស្រាប់តែ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​បើកបរ​រថយន្ត​នៅ​តាម​លំ​ផ្លូវ​ខាងលើ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ដោយ​ម៉ូតូ​សង្កត់​លើ​បង្ក​ឱ្យ​មានការ​ភ្នា​ក់​ផ្អើល ។

ចំណែក​កូន​តូច​ៗ អាយុ​ប្រហែល​៤​ទៅ​៥​ឆ្នាំ ពេល​មក​ឃើញ​សព​ឪពុក​របស់​ខ្លួន​នាំ​គ្នា​ស្រែក​ទ្រហោយំ គួរ​ឱ្យ​អាណិតអាសូរ​ដល់​ពួក​គេ ដោយ​បន្ទុក​នេះ បាន​ធ្លាក់​ទៅ​លើ​ជីដូន​វ័យ​ចំណាស់​ម្នាក់​ចាំ​មើលថែ​ពួក​គេ​បន្ត​ពី​ឪពុក ខណៈ​ដែល​ម្តាយ​ចាកចេញ​ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត​ផ្សេង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ក្រោយមក​ក្រុម​នគរបាល និង​គ្រូពេទ្យ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ បាន​ស្លាប់​ដោយសារ​តែ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ស្លាប់ ហើយ​សង្ស័យ​ថា ស្រវឹងស្រា​ខ្លាំង​ពេក​មិន​អាច​រើ​ចេញពី​ម៉ូតូ​រួច​។ ក្រោយមក​សព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ប្រគល់​ជូន​សាច់ញាតិ​ឱ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ