រាជធានីភ្នំពេញ ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការបំភ្លឺបំភ្លឺជុំវិញការរិះគន់ នៅក្នុងបណ្ដាញសង្គមជុំវិញនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលជិះម៉ូតូប្រដេញក្នុងប្រតិបត្តិការ ដោយមិនពាក់មួក និងដាក់កញ្ចក់ ព្រមទាំងសៀតកាំភ្លើ.ងបញ្ចេញសំញ៉ែង នៅលើដងផ្លូវ និងបានសន្យាថា កែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ ។

នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីបំភ្លឺឱ្យដឹងថា រូបភាពវីដេអូនៃការជិះម៉ូតូរបស់កម្លាំងនគរបាល (ស្លៀកពាក់ស៊ីវិល) ដោយមិនពាក់មួក និងដាក់កញ្ចក់ គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុ.ធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានពន្យល់ជូនសាធារណៈ និងអ្នកសារព័ត៌មានឲ្យបានជ្រាបអំពីស្ថានភាពជាក់ស្ដែងនៃប្រតិបត្តិការរបស់កម្លាំងជំនាញ ៖
-ការជិះម៉ូតូមិនពាក់មួក ៖ នៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការពាក់មួកសុវត្ថិភាព ដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
មួយវិញទៀត ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿន (ពេលខ្លះអាច១០០គីឡូម៉ែត្រក្នុងមួយម៉ោង) ក៏ជាឧបសគ្គមួយផងដែរ ដោយកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ អាចបង្កគ្រោះថ្នាក់ពេលប្រដេញ ។
-ការសៀតអាវុធដោយមិនបានបិទបាំង ៖ វីដេអូនោះ គឺក្រោយប្រតិបត្តិការ ដូច្នេះនៅពេលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿន ដូច្នេះធ្វើឲ្យប៉ើងអាវចេញអាវុ.ធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញកំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំតាមនីតិវិធី ។
-ការមិនដាក់កញ្ចក់ ៖ ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្ដែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស ដោយសារពេលខ្លះជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្ដែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើសឲ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ ៕




ចែករំលែកព័តមាននេះ