រាជធានីភ្នំពេញ៖ រថយន្តធុនធំដឹកទូកុងតឺន័រ១គ្រឿងបានបើកបរក្នុងល្បឿនលឿនវង់តាមរង្វង់មូលក្រោមស្ពានអាកាសផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តព្រះសីហនុបណ្ដាលឲ្យឃ្លេងឃ្លោងទប់លំនឹងពុំបានក៏កាច់ដាច់ទំពក់កន្ទុយរ៉ឺម៉កក្រឡាប់ធ្លាក់ទូកុងតឺន័រលើថ្នល់លាន់សូរដូចគ្រាប់បែក តែសំណាងល្អពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១និង៣០ នាទីរសៀលថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលក្រោមស្ពានអាកាសផ្លូវល្បឿនលឿន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកដំណើរម្នាក់បាននិយាយថានៅមុនពេលកើតហេតុគាត់បានឃើញរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3H1205 សណ្ដោងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រ មានបិទស្លាកក្រុមហ៊ុនLOGISTIC CO,LTD បើកបរធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ ខណៈនោះគាត់ក៏ជិះម៉ូតូពីក្រោយស្របទិសគ្នាជាមួយរថយន្តនោះដែរ លុះពេលទៅដល់ត្រង់ចំណុចរង្វង់មូលក្រោមស្ពានអាកាសផ្លូវល្បឿនលឿន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ រថយន្តខាងលើបើកវង់តាមរង្វង់មូលទាំងអត់បន្ថយល្បឿនឡើយ ។
បុរសនោះបាននិយាយបន្តទៀតថា ខណៈនោះធ្វើឲ្យរថយន្តមានសភាពឃ្លេងឃ្លោងខ្លាំង រហូតទប់លំនឹងលែងបានក៏ដាច់ទំពក់កន្ទុយរ៉ឺម៉ក បណ្ដាលឲ្យកន្ទុយរ៉ឺម៉ករថយន្តនោះក្រឡាប់ធ្លាក់ទូកុងតឺន័រលើផ្លូវតែម្ដង ។ នៅក្នុងហេតុការណ៍នោះដែរទាំងរូបគាត់និងអ្នកដំណើរផ្សេងទៀតមានសំណាងខ្លាំងណាស់ ដែលជិះម៉ូតូនិងបើករថយន្តឆ្ងាយពីរថយន្តនេះ ទើបគ្មានគ្រោះថ្នាក់កើតឡើង ។
នគរបាលបានប្រាប់ថា ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏បានហៅរថយន្តស្ទូចទៅស្ទូចលើកន្ទុយរ៉ឺ និងទូកុងត៉ឺន័រចេញដើម្បីកុំឲ្យកកស្ទះចរាចរ និងរង់ចាំដោះស្រាយអំពីការខូចខាតផ្លូវជាមួយតំណាងរថយន្តខាងលើនៅពេលក្រោយ ៕







ចែករំលែកព័តមាននេះ