ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារដោយដ្រូននៅ​ស៊ូដង់ ​ស្លា.ប់​ជនស៊ី​វិល​​៨៨០នាក់

1 ម៉ោង មុន

ប្រទេស​ស៊ូ​ដង់ ៖ អ​.​ស​.​ប​​​ ថ្លែង ​កាលពី​ថ្ងៃ​ទី​១១​ ឧសភា​ ថា ជន​ស៊ី​វិល​យ៉ាងតិច​៨៨០​នាក់ ​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ស៊ូ​ដង់…

ប្រទេស​ស៊ូ​ដង់ ៖ អ​.​ស​.​ប​​​ ថ្លែង ​កាលពី​ថ្ងៃ​ទី​១១​ ឧសភា​ ថា ជន​ស៊ី​វិល​យ៉ាងតិច​៨៨០​នាក់ ​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ស៊ូ​ដង់ រវាង​ខែមករា ​និង​ខែមេសា​ ឆ្នាំ​នេះ ​។ អ​.​ស​.​ប ​ព្រ​មាន​ថា ការ​វាយប្រហារ​ទាំងនេះ​ជម្រុញ​ឲ្យ​ជម្លោះ​ធ្លាក់​ចូល​ក្នុង​ដំណាក់​ការ​ថ្មី​កាន់តែ​បង្ហូរឈាម​ថែម​ទៀត ជាង​៣​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​ស៊ី​វិល​ក្នុង​ប្រទេស​នេះ​មក​ ។

ការ​វាយប្រហារ​គ្នា​ដោយ​ប្រើ​ដ្រូ​ន​របស់​កងទ័ព​ស៊ូ​ដង់​ និង​កងកម្លាំង​ប៉ា​រា ដែល​ច្បាំង​ដណ្ដើម​អំណាច​គ្នា​ចាប់តាំងពី​ខែមេសា ​ឆ្នាំ​២០២៣​ មក កាន់តែ​រីក​ធំ​ឡើង​ក្នុង​ទូ​ទាំង​ប្រទេស រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ យោង​តាម​ការិយាល័យ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប និង​ក្រុម​របស់​ខ្លួន​នៅ​ស៊ូ​ដង់​ថា ការ​វាយប្រហារ​ដោយ​ដ្រូ​ន​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ដល់​យ៉ាងតិច​៨៨០​នាក់​ គឺ​ជាង​៨០%​នៃ​ជន​ស៊ី​វិល​ស្លាប់​ទាំងអស់ ទាក់ទិន​នឹង​ជម្លោះ​រវាង​ពី​ខែមករា ​ទៅ​ខែមេសា ​នៃ​ឆ្នាំ​នេះ​។


លោក​VOLKER TURK អ្នក​ទទួលខុសត្រូវ​ខាង​សិទ្ធិ​មនុស្ស​របស់​អ​.​ស​.​ប​ថ្លែង​ថា ដ្រូ​ន​ប្រដាប់​អាវុធ​ពេល​នេះ ​ក្លាយជា​មូលហេតុ​សំខាន់​នៃ​ការ​ស្លាប់​បណ្ដាជន​ស៊ី​វិល ​។ ការ​ប្រើប្រាស់​កាន់តែ​ខ្លាំង​ឡើង​នៃ​ដ្រូ​ន អាច​ឲ្យ​ការ​ប្រយុទ្ធ​នៅ​តែ​បន្ត ដោយ​គ្មាន​ការ​ធូរស្រាល​ទោះជា​ក្នុង​រដូវភ្លៀង ​។ លោក​បន្ត​ថា​ការ​កើនឡើង​នៃ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ អាច​ពង្រីក​សង្គ្រាម​រហូត​ដល់​បណ្ដា​រដ្ឋ​នៅ​ភាគ​កណ្ដាល ​និង​ភាគ​ខាងកើត​ប្រទេស ជាមួយ​ការ​ស្លាប់​ជន​ស៊ី​វិល​កាន់តែ​ច្រើន​ក្នុង​តំបន់​កាន់តែ​ធំ​។

តាម​លោក​VOLKER TURK ថា ប្រសិនបើ​គ្មាន​ការ​ចាត់វិធានការ​សម​ស្រប​ឲ្យ​បាន​ទាន់​ពេល​ទេ នោះ​ជម្លោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ស្លាប់​រួច​ហើយ​និង​មាន​ជនភៀសខ្លួន​ដល់​ជាង​១១​លាន​នាក់ ហើយ​ធ្វើ​ឲ្យ​តំបន់​ជា​ច្រើន​ធ្លាក់​ក្នុង​គ្រោះ​អត់ឃ្លាន នឹង​ធ្លាក់​ចូល​ក្នុង​ដំណាក់កាល​ថ្មី​កាន់តែ​បង្ហូរឈាម​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ