ក្រសួងការងារនាំយកឱកាសការងារជិត៣០០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយដល់ពលរដ្ឋជិត៥០០នាក់នៅស្រុកកំពង់ត្រឡាច
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន២៧៦៣កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ទី២២ វិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា បច្ចុប្បន្ន មានឱកាសការងារជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង មានជិត៣ពាន់កន្លែង ដែលបងប្អូនអាចចុះឈ្មោះ សម្ភាសន៍ និងទទួលបានការងារភ្លាមៗ ដើម្បីបង្កើតប្រភពចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។

ចំពោះការងារក្នុងស្រុក ក្រៅពីសុភមង្គលក្នុងគ្រួសារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកគ្រោះថ្នាក់ការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ។ ចំពោះស្ត្រីមានផ្ទៃពោះ ក៏ទទួលបានការពិនិត្យផ្ទៃពោះ និងសុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់កូនអាយុក្រោម២ឆ្នាំ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ ប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងនៅឆ្ងាយពីគ្រួសារ ។

លោកជំទាវបានបន្តថា ក្រៅពីមានការងារធ្វើប្រជាពលរដ្ឋ ក៏ត្រូវតែមានជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីពង្រីកឱកាសការងារ និងប្រាក់ចំណូល ដូច្នេះ ប្រសិនបើចង់រៀនជំនាញ ក្រសួងក៏បានផ្តល់ជូនការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ឬតាមរថយន្តចល័តដល់មូលដ្ឋាន ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។ ក្រៅពីការងារក្នុងស្រុក វេទិកាការងារក៏បាននាំមកនូវឱកាសការងារក្រៅប្រទេសដែលស្របច្បាប់ មានសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ ។

លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្តពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយរោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង៕





ចែករំលែកព័តមាននេះ