ខេត្តស្វាយរៀង៖មហាជនរិះគន់ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដីដឹកអាចម៌ដីខ្ពស់ផុតទ្រុង បង្កឲ្យជ្រុះដីមកលើផ្លូវជាតិលេខ១៣ បណ្តាលឲ្យហុយសំពោងលើផ្ទះរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់សុខភាពរស់នៅតាមដងផ្លូវ និងស្រុតតាមចិញ្ចើមផ្លូវដក់ទឹកនៅលើស្ពាននិងក្លាយរណ្តៅខូចជាអន្លើៗ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅខាងលិចស្ពានកំពង់ចក ស្ថិតនៅភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល។
បើតាមអាជ្ញាធរឃុំកំពង់ចកបានមានប្រសាសន៍ថា ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់ឈ្មោះស៊ាន មានទីលំនៅក្រុងស្វាយរៀងបានយកគ្រឿងចក្រជីករណ្តៅដីយកអាចដីលក់ឲ្យម្ចាស់ឡឥដ្ឋឈ្មោះ ទ្រី ដែលមានទីតាំងស្ថិតនៅភូមិ អកនាគសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ប្រភពបញ្ជាក់ថា ការដឹកអាចម៌ដីជ្រុះប៉ះពាល់ប្រជាពលរដ្ឋ២ភូមិគឺភូមិកំពង់ចកឃុំកំពង់ចកស្រុករំដួលឆ្លងកាត់ស្ពានកំពង់ចកមកភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយរដ្ឋបាលឃុំសង្កាត់ធ្លាប់បានណែនាំឲ្យខាងគ្រឿងចក្រដឹកអាចម៌ដី ដាក់ស្មើទ្រុងនិងគ្រប ចៀសវាងជ្រុះដីមកលើថ្នល់និងបង្កឲ្យហុយធូលើដីលើផ្ទះរបស់ប្រជាពលរដ្ឋនិងប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដី ដឹកដីលក់មិនអនុវត្តតាមកិច្ចសន្យាទេ គឺដាក់ដីលើរថយន្តខ្ពស់លើសទ្រុង ហើយមិនគ្របទើបបង្កឲ្យជ្រុះដីមកលើថ្នល់បែបនេះម្យាងជីករណ្តៅដីជ្រៅ ជម្រៅជាង១០ម៉ែត្របង្កហានីភ័យបាក់ច្រាំងរណ្តៅធ្លាក់សត្វគោក្របីលង់នៅរដូវវស្សា។
ទាក់ទិនករណីនេះដែរ លោកប៉ាត់សាក់ប្រធានមន្ទីររ៉ែនិងឋាមពលខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងថា រណ្តៅដី នៅខាងលិចក្បាលស្ពានកំពងចកគឺក្រុមហ៊ុនគេសុំច្បាប់អាជ្ញាធរស្រុករំដួល ទំហំ១ហិកតា ជម្រៅ០៣ម៉ែត្រ បើមានជីកជ្រៅលើស០៣ម៉ែត្រលោកនិងឲ្យមន្ត្រីជំនាញចុះពិនិត្យ។
លោកហែម ស៊ីណា អភិបាលស្រុករំដួល បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា រណ្តៅដីខាងលិចស្ពានកំពង់ចកនេះគេសុំច្បាប់ធ្វើអាជីវកម្ម៤ឆ្នាំមកហើយគឺជីកអាចម៌ដីយកដាក់ឡឥដ្ឋ ហើយ០៥ថ្ងៃទៀតគេបិតហើយចំពោះដឹកអាចម៌ដីធ្លាក់លើស្ពាននិងលើថ្នល់ លោកនិងឲ្យក្រុមហ៊ុនយកឡានទឹកបាញ់លាងសំអាត។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានក្រុមហ៊ុនអាជីវកម្មជីករណ្តៅដីយកអាចម៌ដីដាក់ឡឥដ្ឋបានទេ រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១២ ឧសភានេះ។
មហាជនរិះគន់ថា ប្តឹងទៅរដ្ឋបាលឃុំសង្កាត់ មិនឃើញមានចំណាត់ការទើបប្តឹងទៅអ្នកសារព័មានជួយចុះផ្សាយជូនដំណឹងទៅដល់អាជ្ញាធរខេត្ត ជ្រាបជួយអន្តរាគមន៌ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ