ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ី​នាំ​ចូល​ប្រេង​ឆៅ​ពី​អា​មេ​រិ​ក​កើនឡើង​យ៉ាង​គំហុក តែ​មិន​ទាន់​អាច​ប៉ះប៉ូវ​ការ​ខាតបង់​នៅឡើយ​ទេ

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​អាស៊ី​ពី​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាង​គំហុក ប៉ុន្តែ​បរិមាណ​នេះ នៅ​តែ​មិន​គ្រប់គ្រាន់ ដើម្បី​ទូទាត់​ចំពោះ​ការ​ខាតបង់​លើ​វិបត្តិ​នៃ​ការ​ផ្គត់ផ្គង់​ដែល​បណ្តាល​មក​ពី​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) នោះ​ឡើយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦​។

យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ Kpler ដែល​ជា​ក្រុមហ៊ុន​វិភាគ និង​តាមដាន​ទីផ្សារ​ថាមពល​សកល​បាន​បង្ហាញ​ថា ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​នាំ​ចេញ​ទៅ​កាន់​ទ្វីបអាស៊ី​បាន​កើនឡើង​ដល់ ៦៣,៥៦ លាន​បារ៉ែល (​ធុង​) ក្នុង​ខែឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​ជា​បរិមាណ​ខ្ពស់​បំផុត​ប្រចាំខែ​។ ប៉ុន្តែ​បើ​គិត​ជា​មធ្យម​ត្រឹមតែ ២,០៥ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​នោះ បរិមាណ​នេះ នៅ​តិច​ជាង​កម្រិត ២,០៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ក្នុង​ខែមិថុនា កាលពី​ឆ្នាំ ២០២៣​។

ទោះ​យ៉ាងនេះ​ក្តី ប្រេង​ឆៅ​សហរដ្ឋអាមេរិក​កាន់តែ​ច្រើន​កំពុង​ដឹក​ជញ្ជូន​ទៅ​កាន់​ទ្វីបអាស៊ី ដោយ​ទិន្នន័យ​ពី Kpler បាន​តាមដាន​ឃើញ​ថា ការ​នាំ​ចេញ​នឹង​កើន​ដល់ ២,៣២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ក្នុង​ខែមិថុនា និង ៣,០៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ក្នុង​ខែកក្កដា​។ បរិមាណ​នេះ គឺ​ច្រើន​ជាង​២​ដង​នៃ​បរិមាណ​ប្រេង​ឆៅ​អា​មេ​រិ​ក​ជា​មធ្យម​ចំនួន ១,៣៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ទ្វីបអាស៊ី​បាន​នាំ​ចូល​ក្នុង​រយៈពេល ៣ ខែ​រហូត​ដល់​ដំណាច់ខែ​កុម្ភៈ​កន្លង​ទៅ​។

សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល បាន​វាយប្រហារ​លើ​ប្រទេស​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ជា​ការ​សងសឹក​អ៊ី​រ៉​ង់​បាន​បិទ​ច្រក​សមុទ្រ​ហរ​មូស (Hormuz) ដែល​ជា​ច្រក​ឆ្លងកាត់​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ចម្រាញ់​សកល​ប្រហែល ២០% មុន​ពេល​ជម្លោះ​ចាប់ផ្តើម​។ បើ​ទោះជា​ប្រទេស​នាំ​ចេញ​ប្រេង​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា ដូច​ជា អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​ព្យាយាម​បង្វែរ​ផ្លូវ​នាំ​ចេញ​ប្រេង​មួយ​ចំនួន​ទៅ​កាន់​កំពង់​ផែ​នៅ​ក្រៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ក៏​ដោយ ក៏​ការ​ផ្គត់ផ្គង់​ប្រេង​យ៉ាង​ហោច​ណាស់ ១០ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ បាន​បាត់បង់​ពី​ទីផ្សារ ដោយសារ​ជម្លោះ​អ៊ី​រ៉​ង់​នៅ​តែ​បន្ត​អូស​បន្លាយពេល​។

ប្រេង​ឆៅ​ប្រហែល ១,២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ បាន​ដឹក​ជញ្ជូន​មក​ដល់​តំបន់​អាស៊ី​ក្នុង​ខែឧសភា តាម​រយៈ​ច្រក​ហ័​រ​មូស ដោយសារ​កប៉ាល់​ខ្លះ​ទទួល​បានការ​អនុញ្ញាត​ពី​អ៊ី​រ៉​ង់​ក្នុង​ការ​ឆ្លងកាត់ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ជា​មធ្យម ១៣,៥៤ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ក្នុង​រយៈពេល​៣​ខែ គិត​ត្រឹម​ចុងខែ​កុម្ភៈ​កន្លង​ទៅ​។ ទំហំ​នៃ​ការ​បាត់បង់​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​នេះ មាន​ចំនួន​ច្រើន​លើសលប់​ជាង​បរិមាណ​បន្ថែម​ដែល​អាស៊ី​ទទួល​បាន​ពី​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ពី​ប្រទេស​នាំ​ចេញ​ផ្សេង​ទៀត​នៅ​ទ្វីបអាមេរិក និង​អាហ្វ្រិក​។

យោង​តាម​ទិន្នន័យ​ពី Kpler ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​តាម​សមុទ្រ​មក​ដល់​អាស៊ី នៅ​ក្នុង​ខែឧសភា ចំនួន ១៩,៤៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ពោល​កើនឡើង​ពី ១៨,៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ក្នុង​ខែមេសា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​។ សូ​ម្បី​តែ​ការ​មក​ដល់​ក្នុង​កម្រិត​ខ្ពស់​ជាង​មុន​ក្នុង​ខែឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ ក៏​នៅ​តែ​ធ្លាក់​ចុះ ២២% ដែរ បើ​ធៀប​នឹង​ជា​មធ្យម ២៤,៨២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ សម្រាប់​រយៈពេល​៣​ខែ គិត​ត្រឹម​ចុងខែ​កុម្ភៈ​កន្លង​ទៅ​។ ការ​បាត់បង់​ការ​ផ្គត់ផ្គង់​អស់​ជាង ៥ លាន​បារ៉ែល​ក្នុង​១​ថ្ងៃនេះ​ហើយ ដែល​នៅ​ទីបំផុត​នឹង​នាំ​ទៅ​រក​ការ​សម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​អាស៊ី​៕