ឆ្នាំនេះ! ភ្ញៀវទេសចរជិត៧០ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក នៅខេត្តកំពង់ស្ពឺ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណ៦៨ម៉ឺននាក់ បានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក នៅខេត្តកំពង់ស្ពឺ នាឆ្នាំ២០២៦នេះ ដែលរដ្ឋបាលខេត្តបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦មាន(រយៈពេល១ថ្ងៃ)។
ចំនួនទូកចូលរួមប្រណាំងមានទូកសរុបចំនួន៦៩គូ មកពីបណ្តាក្រុង-ស្រុក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងអធិកអធមក្រៃលែង ដោយទទួលបានការចូលរួមទស្សនា និងលេងកម្សាន្តពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួនសរុបប្រមាណ ៦៨ម៉ឺននាក់។
ការរៀបចំពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ ត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់រៀបចំតុបតែងលម្អភ្លើងពណ៌ ការប្រណាំងទូក ការប្រគំតន្ត្រី និងការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីបង្កើតភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងកំណើនយ៉ាងច្រើនកុះករនៃអ្នកចូលរួមប្រមាណ ៦៨០.០០០នាក់ (៦៨ម៉ឺននាក់) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ធានាបាននូវភាពសុខសាន្តពេញមួយរយៈពេលនៃការប្រារព្ធពិធីបុណ្យ។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មិនត្រឹមតែបានរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រាក់ចំណូលដល់អាជីវករ អ្នកលក់ដូរ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។ ពិធីបុណ្យនេះមានទូកចូលរួមសរុបចំនួន៦៩ទូក ក្នុងនោះមាន៖
-ទូកខ្នាត អន្តរជាតិបុរសចំណុះ ២២នាក់ មានចំនួន ២៨ទូក
-ទូកខ្នាត ផ្កាចារបុរសចំណុះ ១២នាក់ មានចំនួន ១០ទូក
-ទូកខ្នាត ផ្កាចារនារីចំណុះ ១២នាក់ មានចំនួន ១ទូក
-ទូកខ្នាត ផ្កាចារបុរសចំណុះ ៨នាក់ មានចំនួន ១៩ទូក
-ទូកខ្នាត ផ្កាចារនារីចំណុះ ៨នាក់ មានចំនួន ១ទូក
-ទូកត្នោត បុរសមានចំនួន៦ទូក
-ទូកខ្ទះ បុរស៤ទូកផងដែរ៕









ចែករំលែកព័តមាននេះ