ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​ខ្ពស់! នាព្រឹកនេះ មានករណី​ដុំ​ថ្ម​ធំ​ៗ​ជា​ច្រើន​ដុំ បាន​របេះ​រអិល​ធ្លាក់​មក​លើ​​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ភ្នំ​បាយ​ឆៅ ខេត្តមណ្ឌលគិរី​

5 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ មាន​ហេតុការណ៍​ដុំ​ថ្ម​ធំ​ៗ​ជា​ច្រើន​ដុំ បាន​របេះ​រអិល​ធ្លាក់​មក​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ភ្នំ​បាយ​ឆៅ ស្ថិត​ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ទោះបី​ជា​យ៉ាងណា ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​នេះ ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ​ខូចខាត​ដល់​យានយន្ត​ណាមួយ​ឡើយ​។

ភ្លាម​ៗ​ក្រោយ​កើតហេតុ អាជ្ញាធរ​ខេត្តមណ្ឌលគិរី រួម​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​បញ្ជូន​គ្រឿងចក្រ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​កាយ និង​ស្ទូច​យក​ដុំ​ថ្ម​ទាំងនោះ​ចេញពី​ទ្រូងផ្លូវ​ជា​បន្ទាន់ សំដៅ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ខាងលើ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត បើកបរ​ដោយ​បន្ថយល្បឿន និង​គោរព​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ​នៅ​កន្លែង​កើតហេតុ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​៕​