ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សហគមន៍កសិកម្មព្រះស្ដេចពង្រីកផ្ទះសំណាញ់២៥១ខ្នង ជំរុញផលិតត្រសក់ផ្អែមផ្គត់ផ្គង់ទីផ្សារទំនើប

14 ម៉ោង មុន

ខេត្តព្រៃវែង៖ ការពង្រីកផលិតកម្មត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ កំពុងក្លាយជាឱកាសថ្មីសម្រាប់បង្កើនប្រាក់ចំណូលកសិករ និងផ្គត់ផ្គង់ផលិតផលកសិកម្មមានសុវត្ថិភាពទៅកាន់ទីផ្សារទំនើប។ ជាក់ស្តែង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ​អភិបាលខេត្តព្រៃវែង ​ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបានអញ្ជើញចុះទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ដើម្បីឈ្វេងយល់វឌ្ឍនភាពផលិតកម្ម និងជំរុញការគាំទ្រផលិតផលរបស់សមាជិកសហគមន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានជួបសំណេះសំណាលជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍ ព្រមទាំងទស្សនាការប្រមូលផលត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ បច្ចុប្បន្ន សហគមន៍សម្រេចបានការសាងសង់ផ្ទះសំណាញ់ចំនួន៦៩ខ្នង ស្មើនឹង២៧,៤៩ភាគរយ នៃផែនការសរុប២៥១ខ្នង ដើម្បីផលិតបន្លែសុវត្ថិភាពតាមស្ដង់ដា GAP និងផ្គត់ផ្គង់ទៅកាន់ទីផ្សារទំនើប។

សហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនៅចុងឆ្នាំ២០២៥ បច្ចុប្បន្នមានសមាជិកសរុប១៧៦នាក់ និងទទួលបានការគាំទ្រទុន និងបច្ចេកទេសពីក្រសួងកសិកម្ម មន្ទីរជំនាញ គម្រោងពិពិធកម្មកសិកម្ម ធនាគារ ARDB និងអាជ្ញាធរមូលដ្ឋាន។ សហគមន៍មានសកម្មភាពសំខាន់លើការផលិតបន្លែសុវត្ថិភាព ផលិតកម្មសត្វ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។

ចំពោះលទ្ធផលផលិតកម្ម ការប្រមូលផលត្រសក់ផ្អែមជំហានដំបូងលើផ្ទះសំណាញ់៣ខ្នង ទទួលបានទិន្នផល២ ១០០គីឡូក្រាម និងបានចែកចាយទៅផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។ សម្រាប់ជំហានទីពីរ សហគមន៍បានពង្រីកការដាំដុះលើផ្ទះសំណាញ់១១ខ្នងបន្ថែម ដោយរំពឹងទទួលបានផលប្រមាណ៧ ៧០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ដៃគូពាណិជ្ជកម្ម។ ការពង្រីកផលិតកម្មនេះជាចលករសំខាន់ក្នុងការបង្កើនប្រាក់ចំណូលកសិករ និងជំរុញកសិកម្មទំនើបប្រកបដោយចីរភាព៕