ខេត្តសៀមរាប៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប បងប្អូនអាជីវករបានដាក់តាំងលក់ប្រទីបជាច្រើនប្រភេទ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ អាចជ្រើសរើសទិញយកទៅបណ្ដែតតាមដងស្ទឹងសៀមរាប នៅថ្ងៃទី២ នៃពិធីបុណ្យនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
ការដាក់តាំងលក់ប្រទីបនេះបានបង្កើតឱកាសឱ្យអាជីវករក្នុងមូលដ្ឋានប្រកបអាជីវកម្ម និងផ្ដល់ជម្រើសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការចូលរួមរក្សាប្រពៃណីបណ្ដែតប្រទីបរបស់ខ្មែរ។
តាមទំនៀមទម្លាប់ខ្មែរ ការបណ្ដែតប្រទីបមានគោលបំណងឧទ្ទិសដល់ព្រះចង្កូមកែវរបស់ព្រះពុទ្ធ និងសម្ដែងការដឹងគុណចំពោះព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់ទឹក និងដីសម្រាប់ការរស់នៅ និងការធ្វើកសិកម្ម។
ក្រៅពីជាការរក្សាប្រពៃណីដូនតា ការបណ្ដែតប្រទីបក៏ជាការបួងសួងបណ្ដេញឧបទ្រពចង្រៃ និងសុំសេចក្ដីសុខចម្រើន ដែលបង្ហាញពីជំនឿ និងអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃរបស់ប្រជាជនខ្មែរ៕
ចែករំលែកព័តមាននេះ