ទីក្រុងកៀវ៖ រុស្ស៊ីវាយប្រហារស្លាប់២នាក់នៅតំបន់ហ្សាប៉ូរីហ្សៀកាលពីយប់មិញ។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលនៃគណៈអភិបាលតំបន់ខាងលើ លោកមីខាយឡូ សេមីឃីន (MYkhailo Semikin)។ ក្រៅពីនេះ មនុស្ស៤០នាក់ទៀតរងរបួស។ ក្នុងនោះមានកុមារ៤នាក់។

តាមរយៈរូបថត និងវីឌីអូដែលអភិបាលតំបន់រូបនេះបង្ហោះនៅលើតេឡេក្រាម គេឃើញរូបអគាររងការខូចខាតយ៉ាងដំណំ និងឃើញកញ្ចក់បង្អួចបែកខ្ចាយដោយសារអានុភាពនៃអំបែងគ្រាប់។ ផ្នែកខ្លះនៃអគារត្រូវក្លាយជាគំនរបាក់បែក។

កាលពីមុននេះ លោកសេមីឃីនថ្លែងថាមនុស្សជាច្រើននាក់ទំនងជាកប់ខ្លួននៅក្នុងគំនរបាក់បែកបន្ទាប់ពីរុស្ស៊ីវាយប្រហារទីក្រុងបណ្ដាលឱ្យខូចខាតអគារ ផ្ទះស្នាក់នៅរបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរថយន្តជាច្រើនគ្រឿង។

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រងប្រភពពីក្រសួងការពារជាតិរុស្ស៊ីមកចុះផ្សាយថាការវាយប្រហាររបស់យោធារុស្ស៊ីនៅថ្ងៃនេះត្រូវចំទីតាំងបញ្ជាដ្រូនរបស់អ៊ុយក្រែន ត្រូវចំទីតាំងផ្ដល់សេវាអ៊ីនធឺណិតតាមស្តាលីង (Starlink) និងត្រូវចំគ្រឿងបរិក្ខារយោធាជាច្រើនទៀតនៅតំបន់ស៊ូមី។ ទាហានអ៊ុយក្រែនមួយចំនួនក៏បានស្លាប់នៅក្នុងការវាយប្រហារនោះផងដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ