ទីក្រុងដាកា៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រីហាស៊ីណា គ្រោងធ្វើដំណើរទៅមាតុភូមិវិញនៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះបន្ទាប់ពីលោកស្រីរស់នៅនិរទេសខ្លួននៅប្រទេសឥណ្ឌាអស់រយៈពេលជាង២ឆ្នាំចាប់តាំងពីមានចលនាបាតុកម្មបណ្ដេញលោកស្រីពីតំណែងកាលពីឆ្នាំ២០២៤។ គម្រោងវិលចូលស្រុកវិញលើកនេះធ្វើឡើងចំថ្ងៃទិវាជ័យជម្នះដែលបង់ក្លាដែសទទួលឯករាជ្យពីប៉ាគីស្ថាន។

លោកស្រីហាស៊ីណាជម្លៀសខ្លួនជាបន្ទាន់តាមឧទ្ធម្ភាគចក្រចេញពីប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤សំដៅប្រទេសឥណ្ឌា។ ក្រោយមក តុលាការកាត់ទោសលោកស្រីកំបាំងមុខប្រហារជីវិតពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកស្រីរងការចោទប្រកាន់ថាបានបញ្ជាឱ្យសម្លាប់ហ្វូងបាតុកររបស់រយនាក់។ លោកស្រីហាស៊ីណាច្រានចោលសេចក្ដីសម្រេចនេះ ហើយអះអាងថាលោកស្រីនឹងតតាំងក្ដីនៅក្នុងតុលាការនៅពេលលោកស្រីបានចូលស្រុកវិញ។

លោកអាប៊ូ អាប់ឌុលឡា សាឡេះ (Abu Abdullah Saleh) ជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែសបច្ចុប្បន្នប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ថារដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងការស្វះស្វែងរកការធ្វើបត្យាប័នលោកស្រីហាស៊ីណាពីប្រទេសឥណ្ឌាក្នុងនាមលោកស្រីជាទណ្ឌិតដែលត្រូវតុលាការកាត់ទោសរួចហើយ។ លោកថ្លែងបន្តទៀតថារដ្ឋាភិបាលរបស់លោកប្រកាន់ជំហរច្បាស់លាស់នៅក្នុងបញ្ហានេះ។ លោកស្រីហាស៊ីណាត្រូវបានកាត់ទោស។ ដូចនេះ យើងបានស្នើសុំធ្វើបត្យាប័នពីប្រទេសឥណ្ឌាដើម្បីយកលោកស្រីទៅអនុវត្តទោសនៅប្រទេសបង់ក្លាដែស។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសថ្លែងប្រាប់អ្នកសារព័ត៌មានថាបើលោកស្រីហាស៊ីណាហ៊ានវិលចូលស្រុកលើកនេះគឺមានតែត្រូវជាប់ខ្នោះ ឬត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរ៉ឹង។ លោកថ្លែងថាអ្វីដែលជាសច្ចភាពនៅត្រង់ថាគេមិនអាចបណ្ដោយឱ្យភេរវជនណាម្នាក់វិលត្រឡប់ចូលស្រុកវិញដោយងាយស្រួល ដោយគ្មានការធ្វើបត្យាប័ននោះទេ។ គេរំពឹងថាប្រសិនបើលោកស្រីហាស៊ីណាវិលទៅវិញទាំងទីងណាត់ទីងណែងបែបនេះ ច្បាស់ណាស់ថាលោកស្រីនឹងត្រូវអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារជាមិនខាន៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ