ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះរ៉ុងរៀបចំកម្មវិធីដាល់អំបុក អភិរក្សប្រពៃណីខ្មែរ និងលើកស្ទួយវិស័យទេសចរណ៍

14 ម៉ោង មុន

ខេត្តព្រះសីហនុ៖ ការដាល់អំបុកនៅកោះរ៉ុង បានក្លាយជាសកម្មភាពអបអរសាទរព្រះរាជពិធីបុណ្យអុំទូក និងផ្សារភ្ជាប់ប្រពៃណីវប្បធម៌ខ្មែរជាមួយវិស័យទេសចរណ៍។ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកស្រី បានអញ្ជើញចូលរួមកម្មវិធីដាល់អំបុកកោះរ៉ុង ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនរូប។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនេះ អ្នកចូលរួមបានចូលរួមសកម្មភាពប្រពៃណីជាច្រើន រួមមាន ការបោកស្រូវ បុកអំបុក លីងអំបុក រែងអង្កាម និងអកអំបុករួមគ្នា ដែលបង្ហាញពីសាមគ្គីភាព ការចែករំលែក និងការរួបរួមគ្នាថែរក្សាទំនៀមទម្លាប់ខ្មែរ។

កម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរឱ្យបន្តរស់រវើកពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានេះ ការរៀបចំកម្មវិធីក៏ជាឱកាសផ្សព្វផ្សាយសក្តានុពលទេសចរណ៍កោះរ៉ុង តាមរយៈការភ្ជាប់សកម្មភាពវប្បធម៌ និងប្រពៃណីជាមួយបទពិសោធទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ភាពទាក់ទាញរបស់កោះរ៉ុង៕