ខេត្តកណ្តាល៖ កម្ពុជា និងឥណ្ឌា បានរួមសហការសាងសង់រូបសំណាកព្រះបរមរូបព្រះវិស្ណុ ធ្វើពីស្ពាន់ កម្ពស់១៥ម៉ែត្រ នៅវត្តតេជោសម្មាទិដ្ឋិ ហៅវត្តឪសុច ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីបង្កើតទីសក្ការៈសម្រាប់គោរពបូជា និងរួមចំណែកអភិរក្សអត្តសញ្ញាណ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងសាសនា។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល។
ពិធីនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អភិបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។ កម្មវិធីបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខ និងសុំឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន។
រូបសំណាកព្រះវិស្ណុនេះនឹងត្រូវសាងសង់ពីស្ពាន់ កម្ពស់១៥ម៉ែត្រ ក្រោមកិច្ចសហការរវាងកម្ពុជា និងឥណ្ឌា។ សំណង់នេះមានគោលបំណងបង្កើតទីសក្ការៈសម្រាប់ការគោរពបូជា និងលើកកម្ពស់សេចក្តីថ្លៃថ្នូរផ្នែកសាសនា។
ការសាងសង់រូបសំណាកនេះក៏ជាការរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌ខ្មែរ ព្រមទាំងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ក្នុងការលើកស្ទួយតម្លៃសាសនា និងវប្បធម៌ផងដែរ៕
ចែករំលែកព័តមាននេះ