ខេត្តកំពត៖ មនុស្សជាង៤០០នាក់បានចូលរួមក្នុង «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» នៅខេត្តកំពត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំផុសការគាំទ្រដល់សិទ្ធិក្មេងស្រី បង្កើនឱកាសអប់រំ និងទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង។ កម្មវិធីនេះរៀបចំឡើងនៅបរិវេណខាងមុខរូបសំណាកបាតដៃសុភមង្គល ក្រោមវត្តមានលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត។
កម្មវិធីនេះរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកំពត សហការជាមួយក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីសមាគមនារីខេត្តកំពត អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការសង្គ្រោះកុមារ អង្គការ IDE និងដៃគូពាក់ព័ន្ធ ក្រោមប្រធានបទ «វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង»។
យុទ្ធនាការនេះផ្តោតលើគោលដៅសំខាន់ពីរ គឺជំរុញការគាំទ្រពីក្រុមគ្រួសារ សហគមន៍ និងសាធារណជន ជាពិសេសបុរស និងក្មេងប្រុស ដើម្បីបើកឱកាសឱ្យក្មេងស្រីអនុវត្តសិទ្ធិ អភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ កម្មវិធីក៏ជំរុញការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង តាមរយៈការបង្កើនការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គម។
ការលើកកម្ពស់សិទ្ធិក្មេងស្រីមានសារៈសំខាន់ក្នុងការធានាឱ្យពួកគេអាចបន្តការសិក្សា ទទួលបានចំណេះដឹង ជំនាញ និងកសាងអនាគតដោយមានសមត្ថភាពពេញលេញ។ យុទ្ធនាការនេះក៏បានបញ្ជាក់ពីសារៈសំខាន់ថា ក្មេងស្រីមិនមែនគ្រាន់តែជាអ្នកទទួលផលពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួមយ៉ាងសកម្ម និងជាអ្នកដឹកនាំក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ៕
ចែករំលែកព័តមាននេះ