ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវទេសចរជិត២០ម៉ឺននាក់ សម្រុកទៅលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូករយៈពេល២ថ្ងៃ

13 ម៉ោង មុន

ខេត្តសៀមរាប៖ ​ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុបជាង១៩៩ ៩០០នាក់ នាំគ្នាសម្រុកមកលេងកម្សាន្ត ក្នុងរយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងនោះ ភ្ញៀវជាតិ និងប្រជាពលរដ្ឋមានជាង១៩១ ៥០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន៨ ៣៩៦នាក់។ ​នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។

តាមរបាយការណ៍ នៅថ្ងៃទី២២ ខែវិច្ឆិកា មានភ្ញៀវចូលរួមកម្សាន្តជាង៥០ ២៣០នាក់ ក្នុងនោះភ្ញៀវជាតិ និងប្រជាពលរដ្ឋប្រមាណ៤៥ ៨៣០នាក់ និងភ្ញៀវបរទេស៤ ៤០២នាក់។ ចំណែកថ្ងៃទី២៣ ខែវិច្ឆិកា ចំនួនភ្ញៀវបានកើនឡើងដល់ជាង១៤៩ ៦៧០នាក់ រួមមានភ្ញៀវជាតិ និងប្រជាពលរដ្ឋប្រមាណ១៤៥ ៦៨០នាក់ និងភ្ញៀវបរទេស៣ ៩៩៤នាក់។

ចំនួនភ្ញៀវដ៏ច្រើននេះបង្ហាញពីភាពទាក់ទាញនៃពិធីបុណ្យអុំទូក និងសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប ព្រមទាំងផ្តល់ឱកាសបង្កើនប្រាក់ចំណូលដល់អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងអាជីវកម្មទេសចរណ៍ផ្សេងៗ។

សូមបញ្ជាក់ថា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបុណ្យអុំទូករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានកម្មវិធីប្រណាំងទូក ពិព័រណ៍ផលិតផល និងសកម្មភាពកម្សាន្តជាច្រើនទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត៕