ទីក្រុងម៉ូស្គូ៖ អ៊ុយក្រែននៅតែបន្តវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដដែលទោះបីមានការអំពាវនាវយ៉ាងទទូចពីលោកដូណាល់ត្រាំឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់យ៉ាងណាក្ដី។ ខាងលើនេះជាការលើកឡើងរបស់លោកពូទីន។ លោកព្រមានថានឹងចាត់វិធានការសងសឹកទៅលើអ៊ុយក្រែនវិញ។ ការថ្លែងដូច្នេះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវប្រកាសថាខ្លួនយល់ព្រមឈប់វាយប្រហារគោលដៅថាមពលនៅប្រទេសរុស្ស៊ី លុះត្រាតែរុស្ស៊ីអនុវត្តដូចគ្នា គឺឈប់វាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែនដែរ។

ក្រោយសេចក្ដីប្រកាសរបស់លោកត្រាំកាលពីពាក់កណ្ដាលខែតុលាដើម្បីឱ្យភាគីទាំង២ឈប់វាយប្រហារទីតាំងថាមពលគ្នាទៅវិញទៅមក គេឃើញថាអ៊ុយក្រែនបង្អន់ការវាយប្រហារ។ ប៉ុន្តែសកម្មភាពវាយប្រហារចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំងឡើងវិញនៅចុងខែតុលា។ លោកពូទីនថ្លែងនៅចំពោះមន្ត្រីអ្នកមុខអ្នកការ និងថ្នាក់ដឹកនាំក្រុមហ៊ុនរកស៊ីខាងប្រេងនៅវិមានក្រឹមឡាំងថាយើងសង្កេតឃើញថារបបទីក្រុងកៀវនៅតែបន្តវាយប្រហារទីតាំងចម្រាញ់ប្រេងរបស់យើងដដែល ទោះបីប្រធានាធិបតីត្រាំអំពាវនាវផង និងស្នើសុំដោយផ្ទាល់ផងឱ្យបញ្ឈប់សកម្មភាពនេះយ៉ាងណាក្ដី។ លោកថាអាជ្ញាធរអ៊ុយក្រែនមិនស្ដាប់ដំបូន្មាននេះទេ។

នៅក្នុងន័យនេះ លោកពូទីនចង់សង្កត់ធ្ងន់ថាចំណាត់ការវាយបកវិញទៅលើអ៊ុយក្រែនគឺជារឿងដែលជៀសមិនរួចនោះឡើយ។ លោកក៏បានថ្លែងប្រាប់អង្គប្រជុំផងដែរថាលោកចង់ពង្រឹងវិធានការការពារសន្តិសុខសម្រាប់ទីតាំងផលិតថាមពល។ យោងតាមការប៉ាន់ស្មានរបស់ប្រភពដែលធ្វើការលើផ្នែកឧស្សាហកម្ម ការវាយប្រហាររបស់អ៊ុយក្រែនបានកាត់បន្ថយសមត្ថភាពផលិតប្រេងរបស់រុស្ស៊ី៤៥%ចាប់តាំងពីចុងខែតុលា។ តំបន់ខ្លះនៅប្រទេសរុស្ស៊ីដាក់ចេញវិធានការរឹតត្បិតការលក់សាំង និងម៉ាស៊ូត។ លោកពូទីនអះអាងថាទោះបីការផ្គត់ផ្គង់ប្រេងក្នុងស្រុកជួបការលំបាក ប៉ុន្តែតម្លៃសាំងនៅដដែល មិនឡើងថ្លៃទេ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ប្រទេសប៉ូឡូញចោទប្រកាន់ថារុស្ស៊ីមានចេតនារំលោភដែនអាកាសរបស់ខ្លួន (ប៉ូឡូញ) ដោយបញ្ជូនដ្រូនហោះកាត់ព្រំដែនមួយស្របក់ មុននឹងវិលត្រឡប់ទៅវិញ។ ករណីឆ្មក់ចូលដែនអាកាសប៉ូឡញជាសញ្ញាមិនល្អប៉ុន្មានទេ។ វាអាចជាសញ្ញាថាសង្គ្រាមអ៊ុយក្រែនចាប់ផ្ដើមរីករាលដាលហួសពីព្រំដែនអ៊ុយក្រែនហើយ។ កាលពីថ្ងៃចន្ទ រុស្ស៊ីចោទប្រកាន់ប្រទេសអេស្តូនីដែលជាសមាជិកអង្គការណាតូ និងក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរនោះ ពីបទប្រព្រឹត្តទង្វើដែលបង្កអរិភាពនឹងគ្នា។ រុស្ស៊ីថាទង្វើនេះហាក់ដូចជាចង់ដុតបញ្ឆេះសង្គ្រាមជាចំហ។ ការថ្លែងដូច្នេះបន្ទាប់ពីអេស្តូនីប្រកាសបិទព្រំដែនគោកជាមួយរុស្ស៊ី៕ ប្រភព៖ Al Jazeera

ចែករំលែកព័តមាននេះ