ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូណាល់​ត្រាំ​គិត​ថា​ប្រទេស​ចិន​នឹង​កុម្ម៉ង់​ទិញ​យន្ត​ហោះ​ម៉ា​ក​បូ​អ៊ី​ង​ពី​អាមេរិក​​២៥០​​​គ្រឿង​ទៀត​

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​យល់​ថា​ប្រទេស​ចិន​នឹង​ទិញ​យន្ត​ហោះ​ម៉ាក​បូអ៊ីង​ចំនួន​២៥០​គ្រឿង​ពី​អាមេរិក​។ លោក​ថ្លែង​ដូច្នេះ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ជួប​គ្នា​ជា​មួយ​ប្រធានា​ធិបតី​ចិន​ លោក​ស៊ី​ជីន​ពីង​។ កាល​ពី​ខែ​ឧសភា ប្រទេស​ចិន​យល់​ព្រម​ទិញ​យន្ត​ហោះ​បូអ៊ីង​២​០០​គ្រឿង​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី ចំនួន​នេះ​តិច​ជាង​​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ធ្លាប់​បាន​រំពឹង​ទុក​។ លោក​ត្រាំ​ថ្លែង​នៅ​ពេល​នោះ​ថា​ប្រទេស​ចិន​អាច​នឹង​បង្កើន​ការ​កុម្ម៉ង់​ទិញ​យន្ត​ហោះ​ប្រភេទ​នេះ​រហូត​ដល់​៧៥០​គ្រឿង​។

ក្រុម​ហ៊ុន​បូអ៊ីង​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​។ មុន​​ពេល​មាន​ជំនួប​កំពូល​កាល​ពី​ខែ​ឧសភា ក្រុម​ហ៊ុន​បូអ៊ីង រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ចិន និង​អាមេរិក​បាន​​ពិភាក្សាគ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ទិញ-​លក់​យន្ត​ហោះ​រហូត​ដល់​៥០០​គ្រឿង​។ នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​បូអ៊ីង​ លោក​ខេលី អត​បឺក (Kelly Ortberg) ថ្លែង​​កាល​ពី​ខែ​ឧសភា​ថា​ការ​កុម្ម៉ង់​ទិញ​យន្ត​ហោះ​២០០​គ្រឿង​ពី​សំណាក់ប្រទេស​ចិន​គ្រាន់​តែ​ជា​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ​។

មាន​ន័យ​ថា​ចិន​អាច​នឹង​ទិញ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។ កាល​ពី​សប្ដាហ៍​មុន​ លោក​ត្រាំ​សាទរ​ក្រុម​ហ៊ុន​បូអ៊ីង និង​ GE Aerospace ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទិញ​-លក់​យន្ត​ហោះ​ជា​មួយ​ប្រទេស​​​ហ្វ៊ីលីពីន​ចំនួន​​២០​គ្រឿង​ដែល​សរុប​ជា​ទឹក​ប្រាក់​ស្មើ​នឹង​​​១២​ពាន់​លាន​ដុល្លារ​។ យន្ត​ហោះ​ទាំង​នោះ​នឹង​បំពាក់​គ្រឿង​ម៉ាស៊ីន​របស់​ក្រុម​ហ៊ុន​ GE Aerospace​។ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​មុន​ពេល​លោក​​ត្រាំ​បំពេញ​ទស្សន​កិច្ច​នៅ​​ទ្វីប​អាស៊ី​​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​។

កិច្ច​ព្រម​ព្រៀង​បឋម​កាល​ពី​ខែ​ឧសភា​នោះ​​​ស្រប​ទៅ​តាម​ស្មារតី​នៃ​ជំនួប​កំពូល​រវាង​លោក​ស៊ី​ជីន​ពីង និង​លោក​ដូណាល់​​​ត្រាំ​នៅ​ទី​ក្រុង​ប៉េកាំង​ ហើយ​ធ្វើ​ឱ្យ​បូអ៊ីង​ស្ថិត​នៅ​ក្នុង​បញ្ជី​យន្ត​ហោះ​ខ្នាត​ធំ​ដែល​ចិន​កុម្ម៉ង់​ទិញ​នៅ​ក្នុង​បរិមាណ​​ច្រើន​​​។ ក្រុម​ហ៊ុន​បូអ៊ីង​មិន​សូវ​កាក់​កប​ប៉ុន្មាន​ទេ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ បើ​ប្រៀប​ធៀប​ជា​មួយ​​ក្រុម​ហ៊ុន​អ៊ែបឺស​របស់​អឺរ៉ុប​ដែល​ជា​គូ​ប្រជែង​របស់​បូអ៊ីង និង​ដែល​​បន្ត​ពង្រីក​ទី​ផ្សារ​របស់​ខ្លួន​​ឥត​ឈប់​ឈរ​។ គេ​រំពឹង​ថា​ប្រទេស​ចិន​នឹង​កុម្ម៉ង់​ទិញ​យន្តហោះ​៩​ពាន់​គ្រឿង​ទៀត​ត្រឹម​ឆ្នាំ​២០៤៥​​ខាង​មុខ​នេះ​៕ ប្រភព៖ Asia One