ប្រតិបត្តិការចុះល្បាតព្រៃឡង់នៅខេត្តក្រចេះ នាឱកាសបុណ្យអុំទូក រកឃើញការត្រួសត្រាយដីព្រៃ ៥០អា និងរឹបអូសវត្ថុតាងមួយចំនួន
- ស្ទឹងត្រែង
ខេត្តក្រចេះ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ នៅតែបន្តចុះល្បាត និងត្រួតពិនិត្យតំបន់ការពារធម្មជាតិជាប្រចាំ ដើម្បីទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ ដែលអាចបង្កការខូចខាតដល់ធនធានព្រៃឈើក្នុងតំបន់ព្រៃឡង់។
ប្រតិបត្តិការនេះបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍កាលពីថ្ងៃទី២០ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការលួចទន្ទ្រានដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ យោងតាមមន្ត្រីឧទ្យានុរក្សអោយដឹងថឆ ក្នុងដំណើរការចុះត្រួតពិនិត្យតាមទីតាំងគោលដៅសំខាន់ៗចំនួន ៦ កន្លែង ក្រុមមន្ត្រីជំនាញបានរកឃើញស្ថានភាពជាក់ស្តែងមួយចំនួន ដោយក្នុងនោះមានទាំងតំបន់ដែលមិនទាន់មានការរំលោភបំពាន និងទីតាំងដែលមានស្លាកស្នាមនៃការកាប់រានព្រៃ។
ជាលទ្ធផល នៅចំណុចលេខ៦ អូរក្បាលបេង ចំណុចលេខ៧ ក្បាលអូរស្ងាត់ និងចំណុចលេខ៨ ចុងអូរស្ងាត់ មិនមានស្លាកស្នាមនៃការកាប់ឆ្ការឬឈូសឆាយព្រៃថ្មីៗឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានដាក់ស្លាកសញ្ញាហាមឃាត់ចំនួន ៣ ស្លាក តាមទីតាំងនីមួយៗ ដើម្បីបង្កើនការយល់ដឹង និងបង្ការការប្រព្រឹត្តបទល្មើសជាយថាហេតុ។
ដោយឡែក នៅតំបន់អូរសាឡុង និងអូរស្ទឹងក្រូច ក្រុមការងារបានរកឃើញស្លាកស្នាមនៃការលួចត្រួសត្រាយព្រៃជើងក្រោម លើផ្ទៃដីសរុបប្រមាណ ៥០ អា ក្នុងនោះអូរសាឡុងមានទំហំ ២០ អា និងអូរស្ទឹងក្រូចមានទំហំ ៣០ អា។ មន្ត្រីឧទ្យានុរក្សក៏បានបោះបង្គោល និងដាក់ស្លាកហាមឃាត់ចំនួន ២ ស្លាក នៅទីតាំងទាំងពីរនេះផងដែរ។
ចំណែកនៅចំណុចដំរីផុង កម្លាំងល្បាតបានប្រទះឃើញជនសង្ស័យចំនួន ៥ នាក់ កំពុងប្រើប្រាស់ថ្នាំបាញ់ស្មៅ និងម៉ាស៊ីនកាត់ស្មៅ ដើម្បីធ្វើសកម្មភាពលើដីព្រៃ។ នៅពេលមន្ត្រីជំនាញចុះអន្តរាគមន៍ ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃ ដោយបន្សល់ទុកវត្ថុតាង រួមមានម៉ាស៊ីនកាត់ស្មៅចំនួន ២ គ្រឿង និងធុងបាញ់ថ្នាំចំនួន ៣ ធុង។
បច្ចុប្បន្ន វត្ថុតាងទាំងនេះត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅស្នាក់ការគម្ពោធគយ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងតាមច្បាប់ជាធរមាន។
មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ថា ការការពារធនធានធម្មជាតិ គឺជាការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដោយមិនប្រកាន់ថ្ងៃឈប់សម្រាកឡើយ។ កម្លាំងឧទ្យានុរក្សនឹងបន្តពង្រឹងការចុះល្បាត និងចាត់វិធានការចំពោះរាល់សកម្មភាពល្មើសច្បាប់ ដើម្បីការពារធនធានព្រៃឈើ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕







ចែករំលែកព័តមាននេះ