ទីក្រុងវ៉ាស៊ីនតោន៖ កាលពីយប់មិញ ក្រុមប្រឹក្សាតុលាការនៅប្រទេសអាមេរិកសម្រេចថាក្រុមហ៊ុនហួវេ (Huawei) មានទោសពីបទរួមគំនិតប្រព្រឹត្តអំពើលួចយកការណ៍សម្ងាត់ពាណិជ្ជកម្មរបស់អាមេរិក និងប្រព្រឹត្តអំពើឆបោកផ្នែកធនាគារ។ ការសម្រេចទោសនេះកើតមានឡើងស្របពេលដែលក្រុមហ៊ុនរបស់ចិនមួយនេះកំពុងតែរីកចម្រើនខ្លាំង ក្លាយជាអ្នកផ្គត់ផ្គង់បណ្ដាញទូរគមនាគមន៍ឥតខ្សែ (wireless) ធំជាងគេនៅលើសាកលលោក។ ទោះជាមានការផ្ដន្ទាទោសដូចខាងលើក្ដី ក្រុមប្រឹក្សាតុលាការអាមេរិកបានទម្លាក់ចោលការចោទប្រកាន់ដែលធំជាងនេះ។ នោះគឺការរួមគំនិតលួចកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុននានារបស់អាមេរិក។

មុននឹងឈានដល់ការសម្រេចសេចក្ដីដូចខាងលើនេះ រដ្ឋអាជ្ញាអាមេរិកបានអានសារដ៏វែងអន្លាយ ដោយចោទប្រកាន់ថាហួវេលួចបច្ចេកវិទ្យាសម្ងាត់របស់ក្រុមហ៊ុនប្រកួតប្រជែង និងដៃគូរបស់ខ្លួននៅអាមេរិក និងនៅទីកន្លែងដទៃទៀត។ ហួវេរងការចោទប្រកាន់ពីបទរកស៊ីនៅក្នុងប្រទេសដែលជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។ ក្រុមហ៊ុននេះក៏រងការចោទប្រកាន់ផងដែរពីបទរៀបចំសេចក្ដីប្រកាសភូតកុហកទៅមន្ត្រីរដ្ឋាភិបាលអាមេរិកាំង និងធនាគារនានាដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះក្នុងការលាក់បាំងទង្វើខុសឆ្គងរបស់ខ្លួន។

ក្រុមមេធាវីការពារក្ដីឱ្យក្រុមហ៊ុនហួវេអះអាងថាអ្នកស៊ើបអង្កេតរបស់អាមេរិកសំអាងទៅលើការនិយាយរៀបរាប់ពីសំណាក់អតីតបុគ្គលិករបស់ហួវេត្រឹមតែមួយចំនួនតូចអំពីការប្រព្រឹត្តអំពើខុសឆ្គងរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុននេះមានបុគ្គលិកសរុបរហូតដល់ជាង២សែននាក់។ ក្រុមមេធាវីយល់ថានេះជាការព្យាយាមប្រឌិតរឿងភូតកុហកដែលមិនបានកើតឡើងទាល់តែសោះ។ គេមិនទាន់ដឹងច្បាស់ថាតើសាលក្រមរបស់តុលាការនឹងមានប្រសិទ្ធភាពកម្រិតណាចំពោះទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហួវេនៅទូទាំងសាកលលោក។

អស់ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនហួវេត្រូវបានហាមឃាត់មិនឱ្យមានសិទ្ធិចូលរួមដេញថ្លៃផ្គត់ផ្គង់ផលិតផលរបស់ខ្លួនសម្រាប់ប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋរបស់អាមេរិកទេព្រោះអាមេរិកបារម្ភថាហួវេអាចលួចបង្កប់ឧបករណ៍យកការណ៍សម្ងាត់ទៅឱ្យរដ្ឋាភិបាលចិន។ ក្រុមហ៊ុននេះក៏ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅរបស់ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសមួយចំនួនរួមទាំងកាណាដា និងអង់គ្លេសផងដែរ។

អាមេរិកប្រកាសចោទប្រកាន់ក្រុមហ៊ុនហួវេតាំងពីដើមឆ្នាំ២០១៩ ហើយចេះតែពង្រីកការចោទប្រកាន់ជាបន្តបន្ទាប់។ មន្ត្រីរដ្ឋាភិបាលចិនថ្លែងថាអាមេរិកប្រើប្រាស់យុទ្ធសាស្ត្រ «គំរាមផ្នែកសេដ្ឋកិច្ច» និងប្រើប្រាស់ហេតុផលសន្តិសុខជាតិធ្វើជាលេសដើម្បីគាបសង្កត់ក្រុមហ៊ុនរបស់ចិន។ មេធាវីរបស់ហួវេអះអាងថាកូនក្ដីរបស់ខ្លួនពុំបានប្រើប្រាស់វិធីលួចដើម្បីទទួលជោគជ័យនោះទេព្រោះបច្ចេកវិទ្យាភាគច្រើនដែលអាមេរិកចោទប្រកាន់ថាហួវេបានលួចនោះត្រូវបានបញ្ចេញជាសាធារណៈរួចទៅហើយ។ គេមិនអាចនិយាយថាលួចការណ៍សម្ងាត់បានទេនៅពេលបច្ចេកវិទ្យាទាំងនោះលែងក្លាយជារបស់សម្ងាត់៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ