ហ៊ា.នណាស់! ឡើងកា.ត់ខ្សែភ្លើងលើបង្គោលត្រង់ហ្វូ ឆក់ធ្លាក់មកដីយ៉ាងរន្ធ.ត់
- ភ្នំពេញ
ខេត្តកណ្ដាល៖ បុរសម្នាក់ហ៊ានខ្លាំងណាស់ បានឡើងទៅលួចកាត់ខ្សែភ្លើងនៅលើបង្គោលភ្លើង១ដើមដែលមានបំពាក់ត្រង់ហ្វូទាំងយប់ បណ្ដាលឲ្យឆក់ធ្លាក់មកដីស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។ លុះព្រឹកឡើងទើបត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពដេកស្លាប់នៅជិតបង្គោលភ្លើង រួចរាយការណ៍ជូននគរបាលឲ្យទៅពិនិត្យកោសល្យវិច័យ ។
សពបុរសខាងលើត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្បែរបង្គោលភ្លើងនិងក្បែរចញ្ចើមផ្លូវជាតិ៥១ ស្ថិតនៅក្នុងក្នុងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បុរសដែលបាត់បង់ជីវិតខាងលើឈ្មោះ អេង ម៉ន អាយុ៣៣ឆ្នាំ មានស្រុកកំណើត និងទីលំអចិន្ត្រៃយ៍ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥១ទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញសាកសពបុរសខាងលើដេកស្លាប់ជិតបង្គោលភ្លើងនិងក្បែរចិញ្ចើមផ្លូវ ។ បន្ទាប់មកក៏បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជឲ្យចុះទៅពិនិត្យមើល ខណៈនោះដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ។ កម្លាំងផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវពិនិត្យសាកសព ដោយមានការសម្របសម្រួលពីឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា នគរបាលបានរកឃើញវត្ថុតាងមួយចំនួនដូចជា កណ្ដៀវ០១ ,ពិលឆ្លុះពាក់ក្បាល០១ ,
ដើមឫស្សីនិងឈើច្រើនកំណាត់ដែលជនសង្ស័យរូបនោះយកទៅដោតតាមរន្ធបង្គោលភ្លើងសម្រាប់ជាន់ឡើងទៅកាត់ខ្សែភ្លើង ព្រមទាំងខ្សែភ្លើងដែលកាត់រួចច្រើនម៉ែត្រ ។ ដោយឡែកនៅលើខ្លួនប្រាណ ដៃ ជើង និងផ្ទៃមុខសពមានស្លាកស្នាមឆេះខ្លោចនិងរលាករលាត់ស្បែកដោយសារតែចរន្តអគ្គិសនីឆក់ រហូតដល់ធ្លាក់ពីកម្ពស់ប្រមាណ១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ ។
តាមប្រភពពីបុរសម្នាក់ឈ្មោះ សុខ អឿន អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវជាអ៊ំប្រុសរបស់ជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចថា អ្នកស្លាប់គឺជាក្មួយប្រុសរបស់គាត់ ហើយនៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្មួយប្រុសគាត់រូបនេះបានចេញបាត់ពីផ្ទះ ហើយគាត់និងក្រុមគ្រួសារមិនបានដឹងថាទៅណានោះទេ ។ រហូតដល់វេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ទើបគាត់ទទួលបានទទួលដំណឹងថា ក្មួយប្រុសលួចកាត់ខ្សែភ្លើងលើបង្គោលត្រង់ហ្វូខាងលើ បណ្ដាលឲ្យចរន្តអគ្គិសនីស្លាប់ខ្លួនឯង ពេលនោះគាត់ក៏បានទៅមើល ក៏ឃើញថាបុរសដែលស្លាប់នោះពិតជាក្មួយគាត់មែន ។
ក្រោយពេលកើតហេតុ និងការពិនិត្យកោសល្យវិច័យរួចរាល់ នគរបាលនិងគ្រូពេទ្យជំនាញសន្និដ្ឋានថា បុរសនោះស្លាប់ដោយចរន្តអគ្គិសនីឆក់ បន្ទាប់មកបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕








ចែករំលែកព័តមាននេះ