រកឃើញម្ចាស់ជ័យលាភីហើយ! ការប្រណាំងទូក.ង រយៈពេល២ថ្ងៃ នៅដងស្ទឹងសៀមរាប
- សៀមរាប
ខេត្តសៀមរាបះ នៅរសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុកឆ្នាំ២០២៦នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្តសៀមរាប កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ កីឡាករ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំអុំទូក បានបញ្ជាក់ថា ការប្រកួតប្រណាំងទូក (ង)រយៈពេលពីរថ្ងៃនេះ មានទូកចូលរួមសរុប ២០ ទូក ជាទូកខ្នាតអន្តរជាតិ មកពីខេត្តសៀម រាប ,បន្ទាយមានជ័យ , កំពង់ធំ ,ពោធិសាត់ និងខេត្តកណ្តាល ក្នុងនោះក៏មានទូកផ្កាចារ ១៩ ទូក និង ទូកនាក ១៨ទូក រួមនឹងទូកយុវ ជន ដើម្បីអុំជាកិត្តិសយកម្សាន្តក្នុងពិធីផងដែរ ។
ការប្រណាំងទូកនេះ ដើម្បីស្វែងរកជ័យលាភី ក្នុងនោះទូកនាគអន្តរជាតិ ជ័យលាភីលេខ១ បានទូកឈ្មោះ ស្តេចដំរីសភ្លុកខៀវមានជយបារមីវត្តអារញ្ញសាគរ ,លេខ២ ទូកឈ្មោះពេជ្រកុមារ សែនជ័យ មកពីខេត្តកណ្តាល និង លេខ៣ ទូកឈ្មោះ រាកល្យាណី បារមីនាងកែវប្រាំពីរពណ៌ របស់ស្រុកពួក ។ចំពោះទូក ផ្កាចារ ជ័យ លាភីលេខ១ ទូកឈ្មោះ ពេជ្រកុមារសែនជ័យ មកពីខេត្តកណ្តាល ,លេខ២ ទូកឈ្មោះនាងកែវមុន្នីមានជ័យបារមីប្រាសាទអធ្វា (សង្កាត់សៀមរាប) និង លេខ ៣ ទូកឈ្មោះស្តេចដំរីសភ្លុកខៀវមានជយបារមីវត្តអារញ្ញសាគរ ។ ចំពោះទូក(ង) ជ័យលាភីលេខ១ ទូកឈ្មោះសូទ្រនិគមមានជ័យ បារមីតាពេជ្រ មកពីស្រុកសូទ្រនិគម ,លេខ២ ទូកឈ្មោះ ស្តេចដំរីសភ្លុកខៀវមានជយបារមីវត្តអារញ្ញសាគរ (សង្កាត់សៀមរាប) និង លេខ៣ ទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ មកពីខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសប្រកាសបិទការប្រកួត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត បានសម្ដែងការអបអរសាទរ ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅដោយរលូន ដោយ មានសណ្ដាប់ធ្នាប់ល្អ និងគ្មានឧបទ្ទវហេតុអវិជ្ជមានឡើយ ។
ឯកឧត្តមបានកោតសរសើរស្មារតីកីឡា សាមគ្គីភាព និង ការតស៊ូរបស់កីឡាករទូកគ្រប់ក្រុម ព្រម ទាំងលើកឡើងពីសារសំខាន់នៃសាមគ្គីភាព និងសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល ដែលជម្រុញការអភិវឌ្ឍខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កីឡាករ និងក្រុមទូកដែលទទួលបានជ័យលាភីលេខ១ លេខ២, លេខ៣ និង លេខ៤ ក្នុងគ្រប់ប្រភេទវិញ្ញាសា ព្រមទាំងកោតសរសើរចំពោះការខិតខំហ្វឹកហាត់ ការតស៊ូ និងសាមគ្គីភាពរបស់កីឡាករគ្រប់រូបបានល្អ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើ ណែនាំ និង លើកទឹកចិត្តដល់ក្រុមទូកដែលមិនទាន់ទទួលបានជ័យលាភី ឱ្យបន្តពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ សម្រាប់ការប្រកួតនៅឆ្នាំបន្ត។ ឯកឧត្ដមក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាពិសេស ប្អូនៗយុវជន ដែលតែងតែរួមចំណែកយ៉ាងសកម្មលើសកម្មភាពសង្គមកិច្ច និងព្រឹត្តិការណ៏ទេសចរណ៍ ព្រមទាំងពិធីបុណ្យជាតិ និងបុណ្យអន្តរជាតិផ្សេងៗនាពេលកន្លងមក ។ ដូច្នេះជាមួយព្រឹត្តិការណ៍នេះ សូមភ្ញៀវទេសចរជាតិ និង អន្តរជាតិ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្តសប្បាយ រីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាបនាឆ្នាំនេះ ប្រកបដោយសុខសុវត្ថិភាព និងក្រោមម្លប់សន្តិភាពនៃកម្ពុជា លើទឹកដីអង្គរដ៏បវរនៃយើង ៕











ចែករំលែកព័តមាននេះ