សង្គ្រាមអ៉ីរ៉ង់ ៖ ក្នុងសារមួយចេញផ្សាយ កាលពីថ្ងៃទី១ មិថុនា តាមបណ្ដាញសង្គមTRUTH SOCIAL ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អះអាងថា ការចរចាគ្នាកំពុងបន្តក្នុងសង្វាក់ដ៏លឿនជាមួយអ៉ីរ៉ង់ ទោះបីមានការវាយប្រហារថ្មីរបស់អាមេរិកលើភាគខាងត្បូងអ៉ីរ៉ង់ក្ដី។

ការអះអាងបែបនេះ របស់លោកត្រាំគឹផ្ទុយគ្នានឹងការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់TASNIM ដែលថា ក្រុងតេហេរ៉ង់កាត់ផ្ដាច់ការចរចាដោយប្រយោលជាមួយអាមេរិក ពិសេស មកពីការវាយលុករបស់អ៉ីស្រាអែលលើលីបង់ ។ ដោយចោទប្រកាន់អ៉ីស្រាអែលថា ធ្វើបែបនេះកំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហមរបស់ខ្លួននោះ អ៉ីរ៉ង់គំរាមបើករណសិរ្សថ្មីៗ ទោះបីបទឈប់បាញ់គ្នានៅតែជាធរមានចាប់តាំងពីថ្ងៃទី៨ មេសា មកក្ដី ។ មុននេះ ក្រុងតេហេ
រ៉ង់អះអាងជាថ្មីពីលក្ខខណ្ឌដែលថា រាល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅមជ្ឈឹមបូព៌ាទាល់តែមានបទឈប់បាញ់គ្នានៅលីបង់។
ក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសអ៉ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះការរំលោភបំពានបទឈប់បាញ់គ្នាប្រឆាំងអ៉ីរ៉ង់ និងការរំលោភបទឈប់បាញ់គ្នានៅលីបង់ពីសំណាក់អ៉ីស្រាអែល។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វាយតម្លៃថា ខ្សែបន្ទាត់ក្រហមត្រូវបានឆ្លងកាត់ នៅហ្គាហ្សា និងលីបង់ដែលស្មើនឹងសង្គ្រាមដោយផ្ទាល់មួយ ។
ជាការឆ្លើយតបវិញអ៉ីរ៉ង់ប្ដេជ្ញាធ្វើប្រតិបត្តិការការពារខ្លួន និងបើករណសិរ្សថ្មីៗ ។ មុននេះ អ៉ីរ៉ង់បានចោទប្រកាន់
អាមេរិកថា រំលោភបំពានបទឈប់បាញ់គ្នាជាថ្មី ក្រោយពីការវាយប្រហារកាលពីចុងសប្ដាហ៍កន្លងទៅលើភាគខាងត្បូងអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ ដោយវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគុយវ៉ែត ៕

ចែករំលែកព័តមាននេះ