តវ៉ារឿងថៅកែចិនប.ង្ខំឱ្យអ្នកលក់ដូរបង់ប្រាក់មួយខែ ១៥០ ដុល្លារ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ក្រុមអាជីវករលក់ដូរ ៤៥ តូប ដែលប្រកបមុខរបរលក់ដូរ លក់ទឹក លក់ភេសជ្ជៈ និងលក់អាហារនំចំណីនៅតាមបណ្តោយផ្លូវជាតិលេខ ១ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសហាយផាក បានប្រាប់អ្នកសារព័ត៌មានថា ថៅកែតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ជាជនជាតិចិន បានប្រាប់ដល់អាជីវករឲ្យរើតូបពីខាងលិចផ្លូវមកលក់នៅខាងកើតផ្លូវម្ដង ហើយការរើនេះដែរជនជាតិចិនតម្រូវឲ្យជួលទីតាំងមួយកន្លែងដាក់លក់ដូរដែលមានទំហំ ២ម៉ែត្រការ៉េ តម្លៃ ១៥០ដុល្លារក្នុងមួយខែ ដោយគិតចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះតទៅ ដែលក្រុមប្រជាពលរដ្ឋលក់ដូរបន្តិចបន្តួចមិនអាចទទួលយកបានទេ សំណូមពរសុំឲ្យអាជ្ញាធរមេត្តាជួយអន្តរាគមន៍ដោះស្រាយ ។
ប្រជាពលរដ្ឋអ្នកលក់ដូរខាងមុខតំបន់សេដ្ឋកិច្ចពិសេស ហាយផាក សំណូមពរនេះកើតឡើងនៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅភូមិដំបួកជួរសង្កាត់ច្រកម្ទេសក្រុងបាវិត ។ បើតាមបុរសម្នាក់ដែលជាតំណាងឲ្យក្រុមអ្នកលក់ដូរ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស ហាយផាក មានចំនួន៧៥ នាក់ គឺលក់ភេសជ្ជៈ ទឹកសុទ្ធ នំប៉័ង លក់បាយ ម្ហូប កញ្ចប់ លក់គុយទាយឆា មីឆា ចល័ត្រ ដាក់ឆត្រ័ ដាក់ធុងនិងរទេះ បានប្រកបមុខរបរនេះជាច្រើនឆ្នាំហើយពីមុនថៅកែចិនគ្រាន់តែយកថ្លៃភាស៊ីមួយថ្ងៃ ២,០០០រៀល ដើម្បីសម្រាប់សម្អាតអនាម័យ ក៏ប៉ុន្តែនៅថ្ងៃទី ១ ខែមិថុនា ២០២៦ នេះថៅកែចិន បានមកប្រាប់អ្នកលក់ដូរទាំងអស់បង់ប្រាក់ឈ្នួលដីទីតាំងទំហំ ២ម៉ែត្រការ៉េតម្លៃ ១៥០ដុល្លារក្នុងមួយខែ គិតចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ តទៅ បើមិនព្រមបង់ប្រាប់ឈ្នួលទេ គឺមិនឲ្យទីតាំងដាក់លក់ដូរទេ ។
ប្រភពបន្តថា ក្រុមអ្នកលក់ដូរសុំបង់ប្រាក់ក្នុងមួយខែ ៥០ដុល្លារក៏ប៉ុន្តែថៅកែចិនមិនយល់ព្រម ។ ជួលដីទីតាំង ២ម៉ែត្រការ៉េ ១៥០ដុល្លារ ក្នុងមួយខែហើយយកភាស៊ីមួយថ្ងៃ ២,០០០រៀលទៀត ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីថៅកែតំបន់សេដ្ឋកិច្ចពិសេស ហាយផាក បានទេរហូតមកដល់រសៀលនេះ ។ ចំណែកអាជ្ញាធរក្រុងបាវិតក៏មិនអាចរកការបំភ្លឺបានដែរ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ