ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ស្លា.ប់​១១​នា.ក់ និង​រ.បួ.ស​រាប់​សិប​នាក់,​ រដ្ឋ​ធានី​កៀវ​រង​ការ​វា.យ​ប្.រហារ​យ៉ាង​ខ្លាំង​ក្លា

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​មីស៊ីល និង​ដ្រូន​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១១​នាក់​ និង​របួស​រាប់​សិប​នាក់​។ នៅ​រដ្ឋ​ធានី​កៀវ មនុស្ស​៤​នាក់​បាន​ស្លាប់​ និង​៥៨​នាក់​រង​របួស​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​កុមារ​៣​នាក់​ផង​ដែរ​។ នេះ​បើ​យោង​ទី​ភ្នាក់​ងារ​សង្គ្រោះ​របស់​អ៊ុយ​ក្រែន​។ អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ដទៃ​ទៀត​រង​ការ​ខូច​ខាត​នៅ​ក្នុង​សង្កាត់​ចំនួន​៨​នៃ​ទី​ក្រុង​កៀវ​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​នៅ​ទី​កន្លែង​ដទៃ​ទៀត​នៃ​ប្រទេស​អ៊ុយ​ក្រែន​ក៏​រង​ការ​វាយ​ប្រហារ​ផង​ដែរ​។

នៅ​តំបន់​ឌីនី​ប្រូ​ប៉េ​ត្រូស​ភាគ​កណ្ដាល​ មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់​ និង​៣៦​នាក់​រង​របួស​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ទី​​ក្រុង​ឌីនីប្រូ​។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​។ នៅ​ពេល​ក្រុម​អ្នក​សង្គ្រោះ​ទៅ​ដល់​កន្លែង​វាយ​ប្រហារ​នោះ រុស្ស៊ី​វាយ​ប្រហារ​បន្ថែម​ទៀត​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​សង្គ្រោះ​ម្នាក់​​។​ អគារ​កម្ពស់​២​ជាន់​មួយ​ខ្នង​ និង​ផ្នែក​ខ្លះ​នៃ​អគារ​អាផាត​មឹន​កម្ពស់​៤​ជាន់​ក៏​ត្រូវ​រង​ការ​ខូច​ខាត​ផង​ដែរ​។ អ្នកខ្លះ​ជាប់​ផុង​នៅ​ក្នុង​អគារ​ទាំង​នោះ​ដែល​មាន​សុទ្ធ​តែ​គំនរ​បាក់​បែក​នៃ​បេតុង​។

ការ​ផ្ទុះ​នោះ​បញ្ចេញ​សំឡេង​ខ្ទរ​ខ្ទា​សឹង​តែ​ពេញ​មួយ​រាត្រី​ និង​ឈាន​ចូល​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត​។ រដ្ឋ​ធានី​កៀវ​ទំនង​ជា​រង​ការ​វាយ​ប្រហារ​​​ជា​ច្រើន​ថ្ងៃ​ទៀត​បន្ទាប់​ពី​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​​ស្គី​ ព្រមាន​ថា​រុស្ស៊ី​​ត្រៀម​​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ជា​ថ្មី​។ ដូច្នេះ លោក​ជំរុញ​ឱ្យ​ប្រ​​ជា​ជន​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ស្វះ​ស្វែង​រក​ទី​ជម្រក​ឱ្យ​ហើយ​​នៅ​អំឡុង​ពេល​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​។

នៅ​សង្កាត់​ប៉ូលឌីល​ស្គីយី (Podilskyi) អគារ​កម្ពស់​៩​ជាន់​មួយ​កន្លែង​រង​ការ​ខូច​ខាត​នៅ​ជាន់​ខាង​លើ​ និង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ជាប់​ផុង​នៅ​ក្នុង​គំនរ​បាក់​បែក​។ នៅ​សង្កាត់​សូឡូមាន​ស្គី (Solomianskyi) អគារ​កម្ពស់​២០​ជាន់​ និង​កម្ពស់​២៤​ជាន់​រង​ការ​ខូច​ខាត​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​កំពុង​ជំរុញ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ផ្ដល់​មីស៊ីល​ការ​ពារ​ខ្លួន​បន្ថែម​ទៀត​ដើម្បីទប់​ទល់​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​។ អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​ភាគ​ច្រើន​ពិត​មែន​ហើយ​ ប៉ុន្តែ​មីស៊ីល​ផ្លោង​របស់​រុស្ស៊ី​នៅ​តែ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រព័ន្ធ​ដែន​អាកាស​អ៊ុយ​ក្រែន​ដែល​អ៊ុយ​ក្រែន​មិន​ទាន់​មាន​សមត្ថ​ភាព​បាញ់​ទម្លាក់​នៅ​ឡើយ​ទេ​៕ ប្រភព៖ AP​